មន្ត្រីសហភាពអឺរ៉ុបម្នាក់ បាននិយាយនៅថ្ងៃសុក្រ (ទី ០៨ ឧសភា)នេះថា ជាងពាក់កណ្តាលនៃប្រជាជនលីបង់ ពឹងផ្អែកលើជំនួយមនុស្សធម៌ ខណៈដែលអ៊ីស្រាអែលបន្តវាយប្រហារលើប្រទេសនេះ ទោះបីជាមានបទឈប់បាញ់ក្នុងសង្គ្រាមរយៈពេលពីរខែជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡាក៏ដោយ។
លោកស្រី Hadja Lahbib ប្រធានគ្រប់គ្រងវិបត្តិសហភាពអឺរ៉ុ បបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីជួបជាមួយប្រធានាធិបតីលីបង់ លោក Joseph Aoun នៅទីក្រុងបេរូតថា៖«បច្ចុប្បន្ននេះ មនុស្សជាងបីលាននាក់ ដែលមានន័យថា ជាងពាក់កណ្តាលនៃប្រជាជនក្នុងប្រទេសលីបង់ ពឹងផ្អែកលើជំនួយមនុស្សធម៌ដើម្បីរស់រានមានជីវិត»។

លោកស្រី Lahbib បាននិយាយថា ចាប់តាំងពីការចាប់ផ្តើមសង្គ្រាម នៅថ្ងៃទី ០២ ខែមីនា ប្លុកដែលមានសមាជិក ២៧ ប្រទេស បានផ្តល់ជំនួយចំនួន ១០០ លានអឺរ៉ូ និងបានបញ្ជូនយន្តហោះចំនួន ៦គ្រឿងដែលដឹកជំនួយមនុស្សធម៌ ដោយយន្តហោះទី៧ ត្រូវបានគេរំពឹងថា នឹងមកដល់ប្រទេសនេះ នៅថ្ងៃសៅរ៍។
ការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ បានសម្លាប់មនុស្សជាង ២.៧00នាក់ និងបានធ្វើឲ្យមនុស្សជាងមួយលាននាក់ត្រូវផ្លាស់ទីលំនៅ ចាប់តាំងពីដើមខែមីនា។ នេះបើយោងតាមអាជ្ញាធរ។
អង្គការសហប្រជាជាតិបានដាក់សំណើបន្ទាន់មួយកាលពីខែមីនាដើម្បីសុំជំនួយមនុស្សធម៌ចំនួន ៣០៨ លានដុល្លារសម្រាប់ប្រទេសលីបង់ ប៉ុន្តែក្នុងរយៈពេលពីរខែនេះ ខ្លួនបានរៃអង្គាសប្រាក់បានត្រឹមតែ ១២៦ លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមភ្នាក់ងារអង្គការសហប្រជាជាតិ៕
