បាល់ទាត់៖ ក្លិបអេស្ប៉ាញ Atletico Madrid ត្រូវតែបិទកន្លែងអង្គុយទស្សនារបស់ខ្លួនមួយចំនួននៅការប្រកួតជើងទី២ វគ្គ ៨ក្រុមចុងក្រោយ UEFA Champions League ពេលទទួល Manchester City នៅទឹកដីរបស់ខ្លួនកីឡដ្ឋាន Wanda Metropolitano។

ក្លិបជើងឯកអេស្ប៉ាញមួយនេះត្រូវបិទកៅអីទស្សនាយ៉ាងហោចណាស់ ៥ពាន់កៅអីនៃកៅអីសរុប ៦៨,៤៥៦។ នេះជាការដាក់ពិន័យរបស់ UEFA ទៅលើ Atletico Madrid ដែលអ្នកគាំទ្រមួយចំនួនរបស់ពួកគេ បានបង្ហាញកាយវិការរើសអើងអំឡុងការប្រកួតជើងទី១ ដែល Manchester City យកឈ្នះ ១-០ នៅកីឡដ្ឋាន Etihad។ ជាមួយគ្នានោះដែរ UEFA តម្រូវឱ្យ Atletico Madrid ត្រូវលើកបដាដែលមានពាក្យថា “NoToRacism” ផងដែរ។ រំលឹកថា ខ្សែបម្រើប៊ែលហ្ស៊ិក Kevin de Bruyne គឺជាអ្នកស៊ុតបញ្ចូលទី ១គ្រាប់គត់ឱ្យ Manchester City យកឈ្នះកាលពីជើងទី១៕
អត្ថបទ៖នាង សុភាវុធ