ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva និយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហាញថា លោកមិនគិតគូរដល់ការឈ្លានពានផ្នែកយោធាលើគុយបានោះទេ ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយជំនួបរបស់លោកជាមួយលោក Trumpនៅសេតវិមាន លោក Lulaនិយាយថា លោកចង់ដើរតួជាអ្នកសម្របសម្រួលម្នាក់ រវាងប្រទេសទាំង ២ ។

លោកថា បើសិនជាលោកត្រូវការពិភាក្សាលើស្ថានភាពរបស់គុយបា លោកនឹងជួយពេញមួយទំហឹង ហើយលោកបានឮសម្តីអ្នកបកប្រែនិយាយថា លោក Trumpបញ្ជាក់ថា លោកមិនគិតដល់ការឈ្លានពានគុយបានោះទេ ។
មេដឹកនាំប្រេស៊ីលរូបនេះ បានធ្វើការសង្កត់ធ្ងន់ផងដែរពីបំណងរបស់គុយបា សម្រាប់ការសន្ទនា ។
សេចក្តីអត្ថាធិប្បាយបែបនេះ បានកើតមានឡើង ស្របពេលដែលរដ្ឋបាលរបស់លោក Trump បង្កើនសម្ពាធលើគុយបា ក្នុងឆ្នាំនេះ ជាមួយនឹងការបញ្ឈប់ការដឹកជញ្ជូនប្រេងពីវេណេស៊ុយអេឡា ដែលជាអ្នកផ្គត់ផ្គង់ប្រេងជាយូរមកហើយរបស់គុយបា ហើយនិងគំរាមដាក់ទណ្ឌកម្មលើប្រទេសណាមួយដែលហ៊ានផ្គត់ផ្គង់ប្រេងដល់គុយបា ៕
