លោក Iwan Ramdani គឺជាប្រធានទីភ្នាក់ងារសង្រ្គោះក្នុងស្រុក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកគេបានដាក់ពង្រាយក្រុមមន្រ្តីរាប់សិបនាក់ រួមទាំងនគរបាល ដើម្បីស្វែងរកអ្នកឡើងភ្នំ ២០នាក់ ដែលជាប់ខ្លួននៅក្នុងបន្ទុះភ្នំភ្លើង Dukono ។ អ្នកឡើងភ្នំ ៩នាក់ គឺជាជនជាតិសិង្ហបុរី ហើយអ្នកឡើងភ្នំផ្សេងទៀត គឹជាជនជាតិឥណ្ឌូនេស៊ី ។
រូបភាពវីដេអូឃ្លីបឃើញសំណុំផ្សែងដ៏ធំមួយផុសចេញពីភ្នំភ្លើង Dukono ស្ថិតលើកោះ Halmahera របស់ឥណ្ឌូនេស៊ី ខណៈដែលអ្នកស្រុកឈរមើលការកម្រើកភ្នំភ្លើងពីចម្ងាយ ។
ទីភ្នាក់ងារភ្នំភ្លើងឥណ្ឌូនេស៊ី រាយការណ៍ថា ភ្នំភ្លើង Dukono ស្ថិតក្នុងខេត្ត North Maluku បានផ្ទុះកាលពីវេលាម៉ោង ៧ និង ៤១នាទីព្រឹក ម៉ោងក្នុងស្រុក ថ្ងៃសុក្រនេះ ជាមួយនឹងការព្រួសផេះកម្ពស់ ១០គ.ម ទៅលើអាកាស ។
ក្រុមអាជ្ញាធរ បានព្រមានអ្នកស្រុកឲ្យនៅឆ្ងាយពីការកម្រើករបស់ភ្នំភ្លើង ក្នុងចម្ងាយ ៤គ.មពីមាត់ភ្នំភ្លើង ខណៈដែលទីភ្នាក់ងារភ្នំភ្លើងឥណ្ឌូនេស៊ី បានព្រមានផងដែរពីហានិភ័យនៃលំហូរភក់ភ្នំភ្លើង ពេល មានភ្លៀងធ្លាក់ ។
នៅមិនទាន់មានសេចក្តីរាយការណ៍នោះទេពីការអាក់ខានណាមួយដល់ជើងហោះហើរ ដោយសារបន្ទុះភ្នំភ្លើងនេះ ៕

