មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន១ខ្សែ មានប្រវែង ១ ៧០០ ម៉ែត្រ ដែលគម្រោងផ្លូវនេះគឺជាសមិទ្ធផលថ្មីជូនប្រជាពលរដ្ឋនៅឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល មានផ្លូវល្អសម្រាប់ធ្វើដំណើរ ការដឹកជញ្ជូនទំនិញ និងការរកស៊ីទទួលទានផ្សេងៗ។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងក្នុងពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន១ខ្សែ មានប្រវែង ១ ៧០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និង សំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នេះថា ជុំវិញការអភិវឌ្ឍ មានការរីកចម្រើនឥតឈប់ឈរនេះ បានកើតចេញពីនយោបាយឈ្នះ-ឈ្នះ ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ធ្វើឱ្យកម្ពុជាទទួលបានសន្តិភាពពេញលេញ ដោយចាប់ផ្តើមមានឱកាសសម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋនៅទូទាំងប្រទេស “សន្តិភាពនាំមកនូវការអភិវឌ្ឍ” មានសន្តិភាពនាំឱ្យយើងទាំងអស់រស់នៅសុខសាន្ត និងមានក្តីសង្ឃឹម។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា ជុំវិញការស្ថាបនាផ្លូវនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល បាននិងកំពុងចូលរួមយ៉ាងសកម្មក្រោមចក្ខុវិស័យលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីទទួលបាននូវការអភិវឌ្ឍ និងការរស់នៅដោយសុខដុម និងស៊ីវិល័យ ជាក់ស្តែងផ្លូវ១ខ្សែដែលបើកការដ្ឋាននាពេលនេះ បន្ទាប់ពីសាងសង់រួច ផ្លូវនេះនឹងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយលើការដឹកជញ្ជូនទំនិញ ឬផលិតផលផ្សេងៗទៅកាន់ទីផ្សារ និង ងាយស្រួលក្នុងការទទួលបាននូវសេវាសាធារណៈផ្សេងៗផងដែរ។
ជុំវិញគម្រោងផ្លូវខាងលើនេះ, ឧត្តមសេនីយ៍ទោ ផាន់ ជីវ័ន្ត ប្រធានកងវិស្វកម្ម របស់នាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គ- នាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ថ្លែងថា គម្រោងការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន១ខ្សែខាងលើនេះ គ្រោងស្ថាបនារយៈពេល ១២ខែ បន្ទាប់ពីការបើកការដ្ឋាននេះ, ក្នុងនោះលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជាប់ នឹងគម្រោងស្ថាបនាផ្លូវនេះ សូមមានការយោគយល់ និងអធ្យាស្រ័យ ប្រសិនមានការប៉ះពាល់តិចតួចនៅពេលចាប់ផ្តើមស្ថាបនា ដើម្បី ទុកឱកាសដល់ក្រុមការងារស្ថាបនា ជំរុញការរស្ថាបនាឱ្យបានចប់ទៅតាមផែនការ ឬមុនផែនការ ដើម្បីឆ្លើយតបទៅនិងការរស់នៅ របស់ប្រជាពលរដ្ឋ មានផ្លូវល្អសម្រាប់ធ្វើដំណើរ។
ឯកឧត្តម ប៉ាល់ ចន្ទតារា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំតាលន់ ថ្លែងនូវការសាទរ ដែលបានផ្តល់ផ្លូវបេតុងជូន ប្រជាពលរដ្ឋ ដែលនេះបានបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ព្រោះផ្លូវ មានសារៈសំខាន់ណាស់ សម្រាប់ធ្វើដំណើរ និងបង្កើតបរិយាកាសដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕
អត្ថបទ៖ សុន រ៉ាឌី















