ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងធនាគារ វីង (ខេមបូឌា) ម.ក បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ដើម្បីចូលរួមចំណែកយ៉ាងសំខាន់សកម្មភាពមនុស្សធម៌ ក្នុងបុព្វហេតុប្រជាពលរដ្ឋ តាមរយៈការចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃទូទាំងប្រទេស នៅទី១២ ខែមេសា ឆ្នាំ២០២២ ។
ការចុះអនុស្សារណៈយោគយល់គ្នានេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង (ខេមបូឌា) ម.ក។
លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នេះគឺជាលើកទីមួយនៃការចុះអនុស្សរណៈអនុស្សរណ:យោគយល់(MOU) គឺជាពេលវេលាដែលល្អដែលយើងបានធូរស្រាលពីជំងឺកូវីដ-១៩ អាចធ្វើឲ្យយើងមានឱកាសពេលវេលារីករាយដើម្បីធ្វើការងារមនុស្សធម៌ និងការជួបជុំគ្នាដោយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
លោកបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចជោគ(TYDA) គឺមានគោលការណ៍០៣ នៅក្នុងការអនុវត្តកិច្ចការមនុស្សធម៌ដើម្បីបុព្វហេតុជួយដល់ប្រជាពលរដ្ឋ
ទី១- គឺការផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋតាមរយៈការព្យាបាលឥតគិតថ្លៃ និងបញ្ជូនមកវះកាត់ និងព្យាបាលបន្តនៅរាជធានីភ្នំពេញក្រោមការឧបត្ថម្ភថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដើម្បីផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ។ ទី២-ដើម្បីប្រមូលផ្ដុំ និងផ្តល់ឱកាសដល់កម្លាំងស្ម័គ្រចិត្ត ដែលមានជំនាញ ទឹកចិត្ត ឆន្ទៈដើម្បីចូលរួមធ្វើសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុសង្គមតាមរយៈការចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដែលគិតថ្លៃនៅទូទាំងប្រទេស។ ៣-ផ្ដល់លទ្ធភាព ការបណ្ដុះបណ្ដាលសមត្ថភាពដល់សមាជិក និងក្រុមការងារ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែរីកចម្រើនក្នុងការយកជំនាញបច្ចេកទេសព្យាបាលជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា៕




