ចាប់ពីមន្រ្តីរដ្ឋការ រហូតដល់ជនស៊ីវិលធម្មតានៅតាមដងផ្លូវក្នុងទីក្រុងឡាហាវ៉ាន់ប្រទេសគុយបា បានប្រតិកម្មជាមួយនឹងអារម្មណ៍លាយឡំគ្នាទាំងការមានៈ ការព្រួយបារម្ភ និងភាពពុំច្បាស់លាស់ ក្រោយសហរដ្ឋអាមេរិក ប្រកាសទណ្ឌកម្មជុំថ្មីដែលមានគោលដៅលើសេដ្ឋកិច្ចគ្រប់គ្រងដោយយោធានៅប្រទេសកោះមួយនេះ ។
នៅតាមដងផ្លូវក្នុងរដ្ឋធានីប្រទេសគុយបាមួយនេះ អ្នកស្រុកបានបង្ហាញក្តីបារម្ភរបស់ពួកគេចំពោះវិធានការថ្មីដែលអាចធ្វើឲ្យប៉ះពាល់ដល់ការលំបាកប្រចាំថ្ងៃមានស្រាប់រួចទៅហើយរបស់ពួកគេ ។
លោក Cook Amaury Godinez គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងឡាហាវ៉ាន់ ទទួលស្គាល់ថា សម្ពាធខ្លាំងជាងមុនពីសហរដ្ឋអាមេរិក ទំនងជាកើតមាន ប៉ុន្តែលោកពុំព្រួយបារម្ភនោះទេពីជម្លោះប្រដាប់អាវុធ ។
លោកថា អាចនឹងមានទណ្ឌកម្មជាច្រើនទៀត ពួកគេអាចរឹតកាន់តែតឹង ប៉ុន្តែលោកគ្មានជំនឿថា ស្ថានភាពនេះ អាចនឹងក្លាយជាសង្រ្គាមនោះទេ ។
សម្រាប់លោក Alexander Armas ដែលជាពលរដ្ឋមួយរូបទៀតរស់នៅក្នុងទីក្រុងឡាហាវ៉ាន់ និយាយដែរថា ក្តីបារម្ភខ្លាំងមិនមែនជាសង្រ្គាមនោះទេ ប៉ុន្តែជាអវត្តមាននៃការផ្លាស់ប្តូរដ៏មានន័យ ។
លោកថា អ្វីដែលលោកព្រួយបារម្ភបំផុត គឺនឹងគ្មានដំណោះស្រាយពិតប្រាកដនោះទេ ក្នុងនាមជាសង្គមរស់នៅមួយ ។
សូមបញ្ជាក់ថា ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva និយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហាញថា លោកមិនគិតគូរដល់ការឈ្លានពានផ្នែកយោធាលើគុយបានោះទេ ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយជំនួបរបស់លោកជាមួយលោក Trumpនៅសេតវិមាន លោក Lulaនិយាយថា លោកចង់ដើរតួជាអ្នកសម្របសម្រួលម្នាក់ រវាងប្រទេសទាំង ២ ៕