ក្រសួងបរិស្ថាននឹងធ្វើការបិទដំណើរការអាជីវកម្មជាបណ្ណោះអាសន្ន ចំពោះរោងចក្រចំនួន២ទីតាំងគឺ ១-រោងចក្រផលិតដំណាប់ស្វាយ (ពុំមានឈ្មោះ) និង២-រោងចក្របោកគក់ជំរះក្អែល ឈ្មោះ Kniteracy Asia Company Limited Garment, Knitting ដែលពាក់ព័ន្ធនឹងការបង្ហូរសំណល់រាវមានពណ៌ខ្មៅ និងក្លិនស្អុយ ចូលក្នុងប្រឡាយទឹកសាធារណៈ នៅទីតាំងភូមិសាស្ត្រនៃសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ និងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ សមត្ថកិច្ច នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ត្រូវបានរារាំងមិនឱ្យចុះត្រួតពិនិត្យនៅក្នុងទីតាំងរោងចក្រ ទាំង២ខាងលើ ពាក់ព័ន្ធនឹងបញ្ហាបំពុលបរិស្ថានឡើយ។ ឆ្លើយតប នឹងបញ្ហានេះ ក្រសួងបរិស្ថានសម្រេចបិទផលិតកម្មរោងចក្រជាបណ្ណោះអាសន្ន ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមានរបស់កម្ពុជា។
យោងតាម ក្រមបរិស្ថាន និងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា រោងចក្រសហគ្រាស ដែលមិនសហការ ឬរារាំងមិនឱ្យមន្ត្រីបរិស្ថានចូលត្រួតពិនិត្យការបំពុល ត្រូវរងទណ្ឌកម្ម តាមផ្លូវច្បាប់ជាធរមាន។ ក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា៨១៥. ត្រង់ចំណុច ក បានចែងតួនាទីនិងភារកិច្ចរបស់មន្ត្រីអធិការកិច្ចរបស់ក្រសួងទទួលបន្ទុកវិស័យបរិស្ថាននិងធនធានធម្មជាតិ ដែលក្នុងនោះបានចង្អុលបង្ហាញ ការធ្វើអធិការកិច្ច តាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងជំរុញការអនុវត្តបញ្ញតិនៃក្រមនេះពាក់ព័ន្ធនឹង កិច្ចការពារបរិស្ថាន និងកិច្ចគាំពារបរិស្ថាន ក្រោមសមត្ថកិច្ចរបស់ក្រសួងទទួលបន្ទុកវិស័យបរិស្ថាន និងធនធានធម្មជាតិ។ ដូចគ្នាដែរ អនុក្រឹត្យលេខ ២៤១ អនក្រ.បក ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន ត្រង់មាត្រា២. មាត្រា២២. មាត្រា២៧. ក៏មានចែងអំពីតួនាទីមន្រ្តីជំនាញក្រសួងបរិស្ថាន មានសមត្ថកិច្ចពិនិត្យ បទល្មើសបរិស្ថាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងនាមមន្ត្រីអធិការកិច្ចគាំពារបរិស្ថាន របស់ក្រសួងបរិស្ថាន ទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ ហើយមានអំណាចឆែកឆេរ ចាប់យកវត្ថុតាង កោះហៅបុគ្គលពាក់ព័ន្ធនឹងបំពេញកិច្ចនីតិវិធីដទៃទៀត។ លើសពីនេះ ប្រកាសលេខ ០១៩ ប្រ.ក ប.ស្ថ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ស្ដីពីនីតិវិធីនៃការត្រួតពិនិត្យ និងការធ្វើអធិការកិច្ចការបំពុល បរិស្ថាន ត្រង់ប្រការ៦.ប្រការ៩.ប្រការ១០.ប្រការ១១.ប្រការ១៥.ប្រការ១៩.ក៏មានចែង អំពីម្ចាស់ ឬតំណាងស្របច្បាប់របស់ទីតាំងផលិតកម្ម អាជីវកម្ម ឬសេវាកម្ម ដែលរារាំងការចូលក្នុងទីតាំង ឬពុំព្រមផ្តល់កិច្ចសហការសម្រាប់ការបំពេញភារកិច្ចរបស់មន្ត្រីអធិការកិច្ច ដូចមានចែងកំណត់នៅក្នុងប្រកាសនេះ ត្រូវទទួលទណ្ឌកម្ម ឬទោសអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕












