ភ្នំពេញ៖ ស្ថានទូតរុស្ស៊ី នៅថ្ងៃទី ១២ខែមេសា ឆ្នាំ២០២២នេះ បានចូលរួមដាក់សម្ពោធរូបសំណាក់ អ្នកវិទ្យាសាស្រ្តអាវកាសដំបូងគេរបស់ប្រទេសរុស្សីជូនវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។រូបសំណាក់អ្នកវិទ្យាសាស្រ្តអាវកាសដំបូងគេនេះ ឈ្មោះ Yuri Gagarin ដែលបានឡើងទៅដល់ទី អាវកាសក្នុង ឆ្នាំ១៩៦១។
ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា រួមទាំងមន្រ្តីនៃស្ថានទូតជាច្រើន នៅថ្ងៃនេះ បានចូលរួមក្នុងការប្រគល់ជូននូវ រូបសំណាក់អ្នកវិទ្យាសាស្រ្តអាវកាសដំបូងគេ ជនជាតិរុស្ស៊ី ជូនវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ រូបសំណាក់នេះ គឺលោក Yuri Gagarin ដែលបានឡើងទៅដល់ទី អាវកាសដំបូងគេនៅថ្ងៃទី ១២ខែមេសា ឆ្នាំ ១៩៦១។
ក្នុងឱកាសប្រគល់ជូនរូបសំណាក់នេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា លើកឡើងថា ការដាក់តាំងរូបសំណាក់នៅក្នុងបណ្ណល័យនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺនឹងធ្វើឱ្យសិស្សនិស្សិតមានក្ដីស្រម៉ៃពេលឃើញរូបសំណាក់។ ក្ដីស្រម៉ៃគឺការក្លាយទៅជា អាកាសយាននិក ដែលថ្ងៃណាមួយអាចធ្វើដំណើរទៅលំហរអាវកាស មើលត្រលប់មកផែនដីវិញ។
លោកបន្តថា ប្រទេសរុស្ស៊ី តែងជួយដល់កម្ពុជា ក្នុងនោះសម្រាប់វិស័យអប់រំ គឺប្រទេស រុស្ស៊ី បានជួយសាងសង់ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាពេលកន្លង ហើយក៏បានផ្ដល់អាហារូបករណ៍ជូននិស្សិតកម្ពុជា ជាច្រើនពាន់នាក់បានបញ្ចប់ការសិក្សាពីប្រទេសរុស្ស៊ី។
នាឱកាសដដែលនេះ លោកបណ្ឌីត អ៊ុ រម្យណី អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បង្ហាញការពេញចិត្តចំពោះរូបសំណាក់ អ្នកវិទ្យាសាស្រ្តអាវកាស Yuri Gagarin ផងដែរ។ លោកថារូបសំណាក់នេះ នឹងឱ្យសិស្សនិស្សិត អ្នកស្រាវជ្រាវមានឱកាសស្វែងយល់ពីស្នាដៃ ពីអ្នកវិទ្យាសាស្រ្តទី ១ ផ្នែកលំហរអាវកាស។
លោកបណ្ឌិត ថ្លែងអំណរគុណចំពោះ ឯកត្តម ឯកអគ្គរដ្ឋទូត និងសហការី ដែលបានជ្រើសរើស សាលាតិចណូ និងចូលរួមដាក់សម្ពោធការដាក់តាំងនៅថ្ងៃនេះ៕ អត្ថបទ៖ គឹមហុក