រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនលោក Mykhailo Fedorov និយាយថា ការទិញរបស់អ៊ុយក្រែននូវយន្តហោះចម្បាំង Gripen ផលិតដោយក្រុមហ៊ុន Saab អាចនឹងត្រូវចុះហត្ថលេខាក្នុងរយៈពេលប៉ុន្មានខែទៀតនេះ ស្របពេលដែលរូបលោកបានបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Stockholm ប្រទេសស៊ុយអែត ។
កាលពីឆ្នាំមុន ប្រទេសទាំង ២ បានចុះហត្ថលេខាលើលិខិតមួយច្បាប់ដែលអាចមើលឃើញស៊ុយអែតផ្គត់ផ្គង់យន្តហោះចម្បាំង Gripen ចំនួន ១៥០គ្រឿង ដល់អ៊ុយក្រែន ។
ដោយការចែកចាយដំបូងត្រូវបានគេប៉ាន់ប្រមាណថានឹងធ្វើឡើងនៅរយៈពេល ៣ឆ្នាំ គិតចាប់ពីកិច្ចព្រមព្រៀងត្រូវបានបញ្ចប់នោះ យន្តហោះចម្បាំងទាំងនេះ ត្រូវបានគេមើលឃើញថាជាអាទិភាពកំពូលសម្រាប់កងយន្តហោះចម្បាំងក្រោយសង្រ្គាមរបស់អ៊ុយក្រែន ប៉ុន្តែមាននូវសំនួរពីការផ្តល់មូលនិធិ ។
លោក Fedorov និយាយថា ពួកយើងមានផែនការរបស់ពួកយើង ក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ការទិញយន្តហោះចម្បាំងទាំងនេះ ។
លោកបន្តថា ក្នុងរយៈពេលប៉ុន្មានខែទៀតនេះ វានឹងមានព័ត៌មានល្អសម្រាប់ប្រទេសរបស់អ្នក សម្រាប់ប្រទេសរបស់ពួកយើង និងជាដំណឹងអាក្រក់សម្រាប់រុស្ស៊ី ។
ខណៈពេលនោះដែរ រដ្ឋមន្រ្តីការពារជាតិស៊ុយអែតលោក Pal Jonson បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រក្រោយសន្និសីទសារព័ត៌មានថា ការចរចាដំណើការទៅយ៉ាងរលូន ហើយរូបលោកពុំច្រានចោលនោះទេចំពោះកិច្ចព្រមព្រៀងក្នុងឆ្នាំនេះ សម្រាប់យន្តហោះចម្បាំង Gripens ៕