យោងតាមប្រភពព័ត៌មានជាច្រើនដែលដឹងតាមរយៈចារកម្មបានឲ្យដឹងថា ចារកម្មអាមេរិក វាយតម្លៃថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតយុទ្ធសាស្ត្រសង្គ្រាមរួមជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើនរូបទៀត។ របាយការណ៍ទាំងនេះ បានរកឃើញថា អំណាចច្បាស់លាស់នៅក្នុងរបបដែលបែកបាក់បច្ចុប្បន្ននៅតែមិនប្រាកដ ប៉ុន្តែលោក Mojtaba Khamenei ទំនងជាកំពុងជួយដឹកនាំពីរបៀបដែលអ៊ីរ៉ង់កំពុងរៀបចំការចរចាជាមួយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាម។

លោក Khamenei មិនត្រូវបានគេឃើញជាសាធារណៈ ចាប់តាំងពីលោកបានរងរបួសធ្ងន់ក្នុងអំឡុងពេលវាយប្រហារដែលបានសម្លាប់ឪពុករបស់លោក និងមេដឹកនាំយោធាជាន់ខ្ពស់ជាច្រើននាក់របស់ប្រទេសកាលពីដើមសង្គ្រាម ដែលនាំឱ្យមានការសង្ស័យអំពីសុខភាព និងតួនាទីរបស់លោកនៅក្នុងរចនាសម្ព័ន្ធដឹកនាំរបស់អ៊ីរ៉ង់។

រដ្ឋបាលលោក Trump បន្តស្វែងរកការបញ្ចប់ជម្លោះដោយផ្នែកការទូត ខណៈបទឈប់បាញ់បានអូសបន្លាយពេលមួយខែមកហើយ ដោយចារកម្មអាមេរិកវាយតម្លៃថា អ៊ីរ៉ង់នៅតែបន្តគេចផុតពីយុទ្ធនាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ដែលបានបន្សល់ទុកនូវសមត្ថភាពយោធាអ៊ីរ៉ង់ដ៏សំខាន់ និងសមត្ថភាពក្នុងការរស់រានពីការបិទផ្លូវទឹករបស់អាមេរិករយៈពេលជាច្រើនខែ។
លោក Khamenei ត្រូវបានប្រកាសជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ជំនួសឪពុករបស់លោក ប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារដែលបានធ្វើឱ្យលោករងរបួស ប៉ុន្តែរហូតមកដល់ពេលនេះ សហគមន៍ចារកម្មអាមេរិក មិនទាន់អាចបញ្ជាក់ពីទីតាំងរបស់លោកបាននៅឡើយទេ នេះបើយោងតាមប្រភពព័ត៌មាន។