លោក Christian Lindmeier អ្នកនាំពាក្យអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសុក្រថា ហានិភ័យនៃការរាលដាលវីរុស Hantavirus ដល់ប្រជាជនទូទៅ មានកម្រិតទាបបំផុត ទោះបីជាវីរុសនេះមានគ្រោះថ្នាក់ដល់មនុស្សដែលឆ្លងវីរុសនេះក៏ដោយ។

លោក Lindmeier បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវថា «នេះពុំមែនជាជំងឺកូវីដទេ» ហើយហានិភ័យរបស់វាចំពោះប្រជាជនទូទៅនៅតែមានកម្រិតទាបបំផុត ខណៈទីភ្នាក់ងារនេះបន្តសម្របសម្រួលការឆ្លើយតបទៅនឹងការផ្ទុះឡើងវីរុសនេះនៅលើនាវាទេសចរណ៍មួយគ្រឿងនៅមហាសមុទ្រអាត្លង់ទិក។
លោកបាននិយាយថា លោកត្រូវសង្កត់ធ្ងន់ដដែលៗថា សូម្បីតែអ្នកដែលបាននៅក្នុងបន្ទប់កាប៊ីនជាមួយគ្នា ក៏ទំនងជាគ្មានការឆ្លងដែរក្នុងករណីមួយចំនួន ដូច្នេះហានិភ័យនៅតែទាបបំផុត។

លោក Lindmeier បាននិយាយថា អង្គការសុខភាពពិភពលោក (WHO) សកម្មក្នុងការឆ្លើយតបរបស់ខ្លួនចំពោះការផ្ទុះឡើងវីរុស Hantavirus ក្រោមបទប្បញ្ញត្តិសុខភាពអន្តរជាតិ។ យោងតាមលោក Lindmeier បានឲ្យដឹងថា ក្រៅពីនាវាទេសចរណ៍ដែលពាក់ព័ន្ធ កិច្ចខិតខំប្រឹងប្រែងតាមដានទំនាក់ទំនងកំពុងបន្ត ហើយអង្គការសុខភាពពិភពលោកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសុខាភិបាលជាតិនៅក្នុងប្រទេស និងស្ថាប័នជាច្រើន រួមទាំងមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការនិងគ្រប់គ្រងជំងឺ (ECDC) ក្នុងរឿងនេះ។
មនុស្សបីនាក់បានស្លាប់ និងជាច្រើននាក់ទៀតបានធ្លាក់ខ្លួនឈឺនៅលើនាវាទេសចរណ៍ MV Hondius ដែលជំរុញឱ្យមានការឆ្លើយតបសុខភាពសាធារណៈអន្តរជាតិដ៏សំខាន់ពាក់ព័ន្ធនឹងប្រទេសនានានៅទូទាំងទ្វីបអឺរ៉ុប អាហ្វ្រិក និងអាមេរិកឡាទីន។
