ទូរទស្សន៍រដ្ឋបានរាយការណ៍ថា ប្រទេសគុយបា បានធ្វើសមយុទ្ធយោធាកាលពីថ្ងៃសុក្រ ទី៨ ខែឧសភា រួមមានការបាញ់កាំភ្លើងធំ ខណៈភាពតានតឹងជាមួយរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅតែបន្តកើនឡើង។

កងទ័ពមួយក្រុមមកពីកងពលយោធា Ciego de Ávila បានអនុវត្តសមយុទ្ធនៅទីលានហ្វឹកហាត់នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលកងទ័ព ក្នុងទីក្រុង Villa Clara ភាគកណ្តាលប្រទេសគុយបា ជាផ្នែកមួយនៃកម្មវិធីត្រៀមលក្ខណៈ។
សមយុទ្ធនេះ ត្រូវបានធ្វើឡើងដោយមានវត្តមានឧត្តមសេនីយ៍ Raul Villar Kessel មេបញ្ជាការកងទ័ពកណ្តាល។ សមយុទ្ធនេះធ្វើឡើងក្នុងពេលមានវោហាសាស្ត្រកាន់តែខ្លាំងឡើងពីទីក្រុងវ៉ាស៊ីនតោន។

បន្ទាប់ពីការឆ្មក់ចាប់ខ្លួនដោយយោធាដើម្បីចាប់មេដឹកនាំប្រទេសវ៉េណេស៊ុយអេឡា ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់ប្រទេសគុយបាកាលពីខែមករា លោក Trump បាននិយាយថា «គុយបា គឺជាប្រទេសបន្ទាប់» ហើយលោកបានរារាំងការដឹកជញ្ជូនប្រេងភាគច្រើនទៅកាន់ប្រទេសគុយបា ដោយហ៊ុមព័ទ្ធរដ្ឋាភិបាលរបស់កោះមួយនេះ និងធ្វើឱ្យការដាច់ចរន្តអគ្គិសនីកាន់តែអាក្រក់។
កាលពីសប្តាហ៍មុន លោក Trump បានចុះហត្ថលេខាលើក្រឹត្យមួយដែលបានបន្ថែមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើប្រទេសគុយបា ជាចំណាត់ការមួយដែលប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានរិះគន់ថាជា «ការបង្ខិតបង្ខំ»។