គណៈកម្មការអឺរ៉ុប បានចេញសេចក្តីណែនាំកាលពីថ្ងៃសុក្រដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបប្រើប្រាស់ប្រេងឥន្ធនៈយន្តហោះស្តង់ដាររបស់សហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយបញ្ហាកង្វះប្រេងដែលកំពុងកើតឡើងដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់។

សេចក្តីណែនាំទាំងនេះ បានបញ្ជាក់ថា ការការពារអ្នកប្រើប្រាស់នឹងមិនត្រូវបានបន្ធូរបន្ថយទេ ហើយក្រុមហ៊ុនអាកាសចរណ៍ត្រូវបានហាមមិនឱ្យគិតថ្លៃបន្ថែមលើប្រេងឥន្ធនៈ បន្ទាប់ពីអ្នកដំណើរបានទិញសំបុត្រ ដោយយកលេសថាតម្លៃប្រេងឥន្ធនៈកើនឡើង។

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានបញ្ជាក់កាលពីថ្ងៃទី១៦ ខែមេសា ថា ប្រេងបម្រុងសម្រាប់ប្រេងឥន្ធនៈយន្តហោះរបស់អឺរ៉ុប អាចមានរយៈពេលត្រឹមតែប្រហែល៦សប្តាហ៍ទៀតប៉ុណ្ណោះ ហើយជើងហោះហើរជាច្រើន អាចនឹងត្រូវបង្ខំឱ្យលុបចោលក្នុងពេលឆាប់ៗនេះ ប្រសិនបើស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាបន្តរំខានដល់ការផ្គត់ផ្គង់ប្រេង។