ឧត្ដរមានជ័យ៖ អភិបាលខេត្តឧត្តរមានជ័យ បានធ្វើការណែនាំដល់មន្ត្រីច្រកទាំងអស់ បន្តពង្រឹងអនុវត្តវិធានការសុខាភិបាល ខណៈពលករខ្មែរបន្តវិលមកពីថៃ មានចំនួនច្រើនរាល់ថ្ងៃ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃនេះ បានឱ្យដឹងថា រំហូរពលករខ្មែរវិល មកពីថៃនៅតែមានចំនួនច្រើន ខណៈថ្ងៃបុណ្យចូលឆ្នាំកាន់តែខិតជិតដល់ ដែលក្នុងមួយថ្ងៃៗរាប់រយនាក់ ដែលការវិលត្រឡប់របស់ពួកគេ គឺដើម្បីមកចូលរួមអបអរពិធីបុណ្យចូលឆ្នាំ ដែលត្រូវបានរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យប្រារព្ធធ្វើឡើងវិញ បន្ទាប់ពីខកខានពីរឆ្នាំ។
ឯកឧត្តម បានឲ្យដឹងថា អាជ្ញាធរខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធនៅតាមច្រកទ្វារព្រំដែន បានខិតខំសម្រួលរាល់កិច្ចការងារផ្សេងៗជូនដល់ពលករទាំងអស់ ដែលបានឆ្លងដែនមកពីថៃវិញ ប្រកបដោយភាពទន់ភ្លន់ និងបានធ្វើការពិនិត្យសុខភាព ធ្វើតេស្តគ្រប់ៗគ្នា ដោយការយកចិត្តទុកដាក់ខ្ពស់បំផុត នៅច្រកព្រំដែន មុននឹងឲ្យពួកគេវិលត្រលប់ទៅស្រុកកំណើតរៀងៗខ្លួនវិញនោះ។
ឯកឧត្ដម បានបញ្ជាក់ថា ការដែលអាជ្ញាធរខេត្តធ្វើការរឹតបន្តឹងយ៉ាងដូច្នេះ គឺដើម្បីធានាដល់សុវត្ថិភាពរបស់ពលករគ្រប់រូប និងទប់ស្កាត់ការនាំយកជំងឺកូវីដ-១៩ទៅចម្លងចូលក្នុងសហគមន៍សារជាថ្មី ៕អត្ថបទ៖ ឃិន សារិទ្ធ