ក្រសួងសុខាភិបាលរបស់ប្រទេសលីបង់បាននិយាយថា មនុស្សចំនួន៣៩ នាក់ត្រូវបានសម្លាប់នៅក្នុងថ្ងៃមួយផ្សេងទៀតនៃការវាយប្រហារដ៏ខ្លាំងក្លារបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់។
ក្រសួងនេះបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលមួយទៅលើទីក្រុង Saksakiyeh ភាគខាងត្បូងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់រួមទាំងកុមារផងដែរ។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានកំពុងកំណត់គោលដៅលើក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា(Hezbollah) ហើយបានដឹងពីរបាយការណ៍ទាក់ទងនឹងគ្រោះថ្នាក់ដល់ជនស៊ីវិលដែលពុំមានជាប់ពាក់ព័ន្ធក្នុងជម្លោះនេះ។
កងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡា បានបន្តបាញ់ផ្លោងដាក់គ្នា ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកិច្ចព្រមព្រៀងបទឈប់បាញ់រវាងរដ្ឋាភិបាលអ៊ីស្រាអែល និងលីបង់ នៅថ្ងៃទី ១៦ ខែមេសា ២០២៦នេះ។
ការវាយប្រហារតាមអាកាសភាគច្រើនរបស់អ៊ីស្រាអែលបានវាយប្រហារភាគខាងត្បូងប្រទេសលីបង់ ដោយយោធាបាននិយាយថា វាគឺជាការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ និងមនុស្សដែលមានទំនាក់ទំនងជាមួយក្រុមហេសបូឡា កងជីវពល និងគណបក្សនយោបាយគាំទ្រដោយអ៊ីរ៉ង់។
កាលពីថ្ងៃសៅរ៍ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់លីបង់ (NNA) បានរាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងភាគខាងត្បូង រួមទាំងនៅទីក្រុង Saksakiyeh ផងដែរ។
ក្រសួងសុខាភិបាលបាននិយាយថា ការឆ្មក់វាយប្រហារនេះបានបណ្ដាលឲ្យមានអ្នកស្លាប់ដំបូងចំនួន ៧ នាក់ក្នុងនោះមានក្មេងស្រីម្នាក់ និង ១៥ នាក់ រួមទាំងកុមារ៣នាក់ផងបានរងរបួស៕

