នគរបាលបាននិយាយនៅថ្ងៃទី១០ខែឧសភា ថា ក្រុមសកម្មប្រយុទ្ធបានបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយនៅប៉ុសិ៍្តត្រួតពិនិត្យមួយកន្លែង ក្នុងប្រទេសប៉ាគីស្ថានភាគខាងជើង និងបានបើកការបាញ់ប្រហារលើនគរបាល ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១២នាក់ និង៥នាក់របួស។
រូបភាពបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍បានបង្ហាញថា រចនាសម្ព័ន្ធត្រូវបានក្លាយជាកម្ទេចកម្ទី ហើយបំណែករថយន្តរាយប៉ាយជុំវិញតំបន់នោះ។
លោក Sajjad Khan មន្ត្រីនគរបាលក្នុងតំបន់នោះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាកសពរបស់មន្ត្រីចំនួន ១២នាក់ត្រូវបានគេរកឃើញពីប៉ុស្តិ៍នគរបាលដែលដួលរលំ និងបុគ្គលិក ៣ នាក់ត្រូវបានគេរកឃើញនៅមានជីវិត ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
មន្ត្រីនគរបាលម្នាក់ដែលសុំមិនបញ្ចេញអត្តសញ្ញាណបាននិយាយថា ដំបូងពួកសកម្មប្រយុទ្ធបានចូលប៉ុស្តិ៍នគរបាលដោយបើករថយន្តផ្ទុកគ្រឿងផ្ទុះ ហើយបន្ទាប់មកបានចូលទៅក្នុងបរិវេណ និងចាប់ផ្តើមបាញ់ទៅលើមន្ត្រីផ្សេងទៀត។
ប្រភពនគរបាលបាននិយាយថា ក្រុមសកម្មប្រយុទ្ធ ក៏បានប្រើយានដ្រូន ក្នុងការវាយប្រហារនោះដែរ។
ទីក្រុង Islamabad បានស្ដីបន្ទោសទីក្រុង Kabul ថាជាអ្នកផ្ដល់ជម្រកសម្រាប់ក្រុមសកម្មប្រយុទ្ធដែលប្រើទឹកដីអាហ្វហ្គានីស្ថានដើម្បីរៀបគម្រាងវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថាន។
ក្រុមតាលីបង់ បានទាត់ចោលការចោទប្រកាន់នានានិងបាននិយាយថា ការបះបោរពីក្រុមសកម្មប្រយុទ្ធក្នុងប្រទេសប៉ាគីស្ថាន គឺជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសនេះប៉ុណ្ណោះ ស្របពេលភាពតានតឹងនិងការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងប្រទេសជិតខាងទាំងពីរ៕


