កំពង់ចាម៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀមបានអញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសបញ្ចូលសមាជិកថ្មីរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម” ចំនួន ១ ៥៩៧នាក់ (ស្រី ៨១៧នាក់) មកពីឃុំចំនួន ៥ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលសន្តិភាព ក្នុងក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសមាជិក សមាជិកា អនុប្រធាននៃក្រុមការងារនិងគណៈកម្មាធិការគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ព្រមទាំងគណៈកម្មាធិការគណបក្សខេត្តជិត ១ ៦០០នាក់។

នាឱកាសនេះ ឯកឧត្តមបានអបអរសាទរនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្មួយៗជាសមាជិកថ្មី និងជាទំពាំងថ្មីរបស់បក្ស ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវចូលរួមកសាងជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅ។ ការណ៍នេះជាការឆ្លុះបញ្ចាំងនិងមើលឃើញនូវសច្ចធម៌ជាប្រវត្តិសាស្ត្ររបស់គណបក្ស តាមរយៈការបំពេញកិច្ចការប្រកបដោយស្មារតីបុរេសកម្ម ការគោរពនិងប្រកាន់ខ្ជាប់តួនាទី គោលការណ៍ និងលក្ខនិ្តកៈបក្សពីសំណាក់គណៈកម្មាធិការ និងសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសការរួមសុខរួមទុក្ខ ការពង្រឹងការងារមូលដ្ឋាន ការផ្សព្វផ្សាយ និងពន្យល់ដល់ប្រជាពលរដ្ឋពីសច្ចភាព ប្រវត្តិស្នាដៃ កម្មវិធីគោលនយោបាយ ក៏ដូចជាអត្តចរិតដ៏គួរឱ្យគោរពស្រឡាញ់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានដ៏ខ្ពង់ខ្ពស់។

ជាមួយនឹងការរំលឹកពីប្រវត្តិរបស់គណបក្ស ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាប្រៀបដូចជា «សសរថ្មមួយដែលមានឆ្អឹងដែកនៅខាងក្នុងដ៏រឹងមាំដែលមិនងាយនឹងដួលរលំ» ដែលជាបក្សមានប្រវត្តិដឹកនាំ កំពុងកាន់អំណាច និងបន្តកាន់អំណាច, មានរចនាសម្ព័ន្ធនិងចក្ខុវិស័យច្បាស់លាស់, សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ, ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ពោរពេញដោយសមត្ថភាព និងមានការគោរពស្រឡាញ់ទាំងក្នុងនិងក្រៅប្រទេស រហូតដល់មានការជឿជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសទើបអាចរក្សាបាននូវ «សន្តិភាពនិងការអភិវឌ្ឍឥតឈប់ឈរ»។ ឯកឧត្តមបន្តថា គណបក្សប្រជាជនកម្ពុជាបានតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងសង្គ្រោះជាតិឡើងវិញ ការពារជាតិ និងស្តារកសាងប្រទេស ការពារឯករាជ្យអធិបតេយ្យ និងបូរណភាពទឹកដី កសាងនិងថែរក្សាសន្តិភាព និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដែលធ្វើឱ្យកម្ពុជារុងរឿងក្នុងប្រវតិ្តសាស្ត្រ។
ទន្ទឹមនេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ មន្រ្តីបក្សគ្រប់លំដាប់ថ្នាក់និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ដែលបានបំពេញការងាររហូតសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសការកសាងសមាជិកថ្មីជាបន្តបន្ទាប់ ដែលធ្វើឱ្យចំនួនសមាជិកបក្សកើនឡើងជាលំដាប់ តាមរយៈការអនុវត្តអភិក្រម «រក្សាចាស់បង្កើនថ្មី» ដូចដែល សម្តេចតេជោ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជាបានរំលឹកជារឿយៗ។ ឯកឧត្តមបានរំលេចប្រាប់សមាជិកថ្មីពីប្រវត្តិស្នាដៃ ស្លាកសញ្ញាបក្ស សមិទ្ធផលដ៏ថ្លៃថ្លា រចនាសម្ព័ន្ធ កម្មវិធីនយោបាយ និងសាមគ្គីភាពឯកភាពផ្ទៃក្នុងទាំងលក្ខន្តិកៈ ទស្សនៈគោលជំហរគណបក្ស និងទាំងបទបញ្ជាផ្ទៃក្នុងគណបក្សដែលមានបំណងប្រមូលកម្លាំងជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យនិងសន្តិភាពដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារ សមិទ្ធផលសង្គមជាតិ និងកសាងកម្ពុជាមួយប្រកបដោយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
ឯកឧត្តម ហេង សួរ ក៏បានស្នើឱ្យសមាជិកបក្សទាំងអស់ត្រូវយល់ដឹងឱ្យច្បាស់ពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់គណបក្សដូចមានចែងក្នុងបាវចនា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ដែលពាក្យនីមួយៗឆ្លុះបញ្ចាំងពីស្នូលសម្រាប់ដឹកនាំប្រទេសឈានឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនកាន់តែមានទំនុកចិត្តរហូតទទួលជោគជ័យរាល់ការបោះឆ្នោតគ្រប់អាណត្តិ។ ឯកឧត្តមបានផ្តែផ្តាំដល់ក្មួយៗឱ្យគោរពតាមការប្តេជ្ញាចិត្ត លក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងបក្ស រួមសាមគ្គីគ្នាជាធ្លុងមួយ និងប្រកាន់ខ្ជាប់នូវអត្តចរិតនិងសីលធម៌ល្អ។
ជាមួយនឹងការប្តេជ្ញាចិត្តអនុវត្តតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងគណបក្ស សមាជិកគណបក្សថ្មីបានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលប្រជាពលរដ្ឋគាំទ្រដ៏ច្រើនលើសលប់ មានគោលនយោបាយល្អច្បាស់លាស់ បានរំដោះជាតិនិងប្រជាពលរដ្ឋឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ដោយនាំមកនូវសិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូរ សន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។ ហេតុនេះ ទើបពួកគាត់បានសម្រេចដោយស្មោះស្ម័គ្រចូលជាសមាជិកគណបក្សដើម្បីរួមជាកម្លាំងបន្តការអភិវឌ្ឍប្រទេសជាតិ៕




