មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បាននិយាយនៅក្នុងសារមួយទៅកាន់សមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងឱកាសខួបលើកទី ៨១ នៃទិវាជ័យជម្នះ ៩ ឧសភា ថា លោកបានផ្តល់អាទិភាពដល់ភាពជាដៃគូជាមួយរុស្ស៊ី ស្របពេលមានការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងរាប់ពាន់នាក់ ដើម្បីគាំទ្រទីក្រុងមូស្គូក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។
ទាហានកូរ៉េខាងជើងត្រូវបានគេមើលឃើញចូលរួមក្នុងក្បួនព្យុហយាត្រាជ័យជម្នះលើទីលានក្រហម Red Square ក្នុងទីក្រុងមូស្គូ។
នៅក្នុងសារមួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA លោក Kim បានបញ្ជាក់ជាថ្មីនូវជំហររបស់ទីក្រុងព្យុងយ៉ាងក្នុងការផ្តល់ "អាទិភាពកំពូល" ដល់សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានចុះហត្ថលេខានៅឆ្នាំ២០២៤ រួមមានជំនួយទៅវិញទៅមកក្នុងករណីមានការឈ្លានពានណាមួយ។
លោកបានបន្ថែមថា លោកសូមរំលឹកឡើងវិញថា ពួកលោកនឹងទទួលខុសត្រូវជានិច្ចចំពោះការអនុវត្តកាតព្វកិច្ចនៃសន្ធិសញ្ញាអន្តររដ្ឋរវាងកូរ៉េខាងជើង និងរុស្ស៊ី ។
បន្ទាប់ពីការចុះហត្ថលេខាលើសន្ធិសញ្ញានេះ កូរ៉េខាងជើងបានដាក់ពង្រាយទាហានប្រហែល ១៥.០០០នាក់ដើម្បីគាំទ្រទីក្រុងមូស្គូក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ខណៈចារកម្មកូរ៉េខាងត្បូងបានប៉ាន់ប្រមាណថាប្រហែល៦.០០០ នាក់ ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងការប្រយុទ្ធគ្នានោះ៕


