លោកប្រធានាធិបតី Donald Trump បានច្រានចោលការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើសហរដ្ឋអាមេរិកក្នុងការបញ្ចប់សង្គ្រាមថា "មិនអាចទទួលយកបានទាំងស្រុង"។

ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់បាននិយាយថា សំណើរបស់ទីក្រុងតេអេរ៉ង់ ត្រូវបានផ្ញើតាមរយៈប្រទេសប៉ាគីស្ថាន ដែលបានបម្រើការជាអ្នកសម្របសម្រួល រួមមានការបញ្ចប់សង្គ្រាមភ្លាមៗគ្រប់ជួរមុខទាំងអស់ ការបញ្ឈប់ការបិទផ្លូវទឹកអ៊ីរ៉ង់ពីសំណាក់កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក និងការធានាមិនឱ្យមានការវាយប្រហារបន្ថែមទៀតលើអ៊ីរ៉ង់។

បទឈប់បាញ់មានបំណងសម្រួលដល់ការចរចាដើម្បីបញ្ចប់សង្គ្រាមដែលបានចាប់ផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក្នុងខែកុម្ភៈ២០២៦ ត្រូវបានតាមដានយ៉ាងទូលំទូលាយ ទោះបីជាមានការបាញ់ប្រហារម្តងម្កាលក៏ដោយ។កាលពីសប្តាហ៍មុន លោក Trump បាននិយាយម្តងទៀតថា សង្គ្រាមនៅអ៊ីរ៉ង់នឹង "បញ្ចប់យ៉ាងឆាប់រហ័ស"។
ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា ឃ្លាំងស្តុកអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចរបស់អ៊ីរ៉ង់ត្រូវតែ "ដកចេញ" មុនពេលសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់អាចត្រូវបានចាត់ទុកថាចប់។
លោក Netanyahu បាននិយាយនៅក្នុងសម្រង់បទសម្ភាសន៍មួយចាក់ផ្សាយតាមកម្មវិធី '60 Minutes' របស់ទូរទស្សន៍ CBS ថា នៅតែមានកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមផ្សេងទៀត ដែលត្រូវតែកម្ទេចចោល។ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ពុំបានសំដៅចំៗលើសំណើនេះទេ ប៉ុន្តែបាននិយាយថា ពួកលោកនឹងមិនឱនក្បាលដាក់សត្រូវឡើយ ហើយប្រសិនបើការនិយាយអំពីការសន្ទនា ឬការចរចាកើតឡើង វាមិនមានន័យថាចុះចាញ់ ឬដកថយនោះទេ។ លោក Trump បានបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា រូបលោកទើបតែបានអានការឆ្លើយតបពីអ្វីដែលហៅថា ‘អ្នកតំណាង’ របស់អ៊ីរ៉ង់។ លោកមិនចូលចិត្តការឆ្លើយតបនោះទេ និងមិនអាចទទួលយកបានទាំងស្រុង៕