ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានផ្ដាំផ្ញើទៅកាន់សាសនិកអ៊ិស្លាមកម្ពុជា ដែលទៅបំពេញកាតព្វកិច្ចធម្មយាត្រាហាជ្ជី នៅប្រទេសអារ៉ាប៊ីសាអូឌីត ជួយផ្សព្វផ្សាយពីសក្ដានុពលកម្ពុជា ទៅកាន់សាសនិកអ៊ិស្លាមនានា នៅក្នុងពិភពលោក ដែលទៅចូលរួមបុណ្យនេះ ។
ក្នុងឱកាសអញ្ជើញសំណេះសំណាល និងជូនដំណើរសាសនិកឥស្លាមកម្ពុជាចំនួន ៦០រូប ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជី នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ជើងទី១ នៃឆ្នាំ២០២៦ នៅថ្ងៃ១០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា ការចេញដំណើរនេះ នឹងធ្វើឡើងជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ខណៈឆ្នាំនេះ មានសាសនិកឥស្លាមកម្ពុជាចំនួន ១ ២១០នាក់ ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជី ក្នុងនោះចំនួន ១ ២០០នាក់ ត្រូវចំណាយថវិកាផ្ទាល់ខ្លួន ដែលម្នាក់ៗចំណាយ ៦ ២០០ដុល្លារ ហើយក្នុងចំណោម ១ ២១០នាក់ គឺមាន១០នាក់ ទទួលបានព្រះរាជទានពីព្រះចៅសាល់ម៉ាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងព្រះរាជទាយាទ ម៉ូហាំម៉ាត់ ពិន សាលម៉ាន នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអ៊ូឌី ដោយគ្មានការបង់ថ្លៃ ដែលចំណាយគិតជាថវិកាចំនួន ១00 000ដុល្លារ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា ជារៀងរាល់ឆ្នាំ សាសនិកឥស្លាមកម្ពុជា តែងចេញដំណើរទៅបំពេញបុណ្យហាជ្ជី នៅអារ៉ាប៊ីសាអូឌីត ជាង ១ ២០០នាក់ ហើយការទៅចូលរួមនេះ បានបង្ហាញថា សាសនិកឥស្លាមកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស មានជីវភាពធូរធារ និងការវិវត្តស្ថានភាពរស់នៅរបស់ខ្លួន ឆ្ពោះទៅមុខជាបន្តបន្ទាប់ ដែលជាចំណែកមួយនៃការកើនឡើងនៃសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព សុខដុមរមនា និងមានការអភិវឌ្ឍលើគ្រប់វិស័យ ។
ជាមួយនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានផ្តាំផ្ញើ និងការជូនពរដល់បណ្តាអ្នកដែលអញ្ជើញទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជី ព្រមទាំងអ្នកចេញដំណើរជាបន្តបន្ទាប់ សូមប្រកបដោយសេចក្តីសុខសុវត្ថិភាព និងបំពេញកាតព្វកិច្ច របស់ខ្លួនគ្រប់លក្ខណៈ តាមក្បួនច្បាប់ របស់សាសនាឥស្លាម ហើយអ្នកដែលទៅចូលរួមទាំងអស់ សូមជួយផ្សព្វផ្សាយពីសក្ដានុពលកម្ពុជា ទៅកាន់បរទេសដែលបានចូលរួម ពីតំបន់ទេសចរណ៍ផ្សេងៗ ជាពិសេសប្រាប់គេថា កម្ពុជាមានសុខដុមរមនានៃសាសនា គ្មានការរើសអើង និងអាចមកលេងកម្សាន្តដោយពុំមានការភ័យខ្លាចអ្វី ។
សូមជម្រាបថា ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជី គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែលជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទីអញ្ជើញទៅប្រារព្វបុណ្យនេះ នៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ៕ អត្ថបទ បាន សុខរិទ្ធិ





