លោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer កាលពីថ្ងៃអាទិត្យបានប្រឈមនឹងការអំពាវនាវឡើងវិញរបស់គណបក្សការងារឱ្យលាលែងពីតំណែង ខណៈលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីថ្លែងសុន្ទរកថាមួយដែលបង្ហាញពីតម្លៃរបស់លោក និងចក្ខុវិស័យគាំទ្រសហភាពអឺរ៉ុប ដោយលោកសង្ឃឹមថានឹងបង្ក្រាបការបះបោរកាន់តែខ្លាំងឡើងក្នុងគណបក្សរបស់លោក។លោក Starmer ដែលបានឈ្នះឆ្នោតយ៉ាងច្រើនលើសលុបកាលពីឆ្នាំ២០២៤ មិនត្រឹមតែបានបដិសេធគំនិតនោះពីអ្នកមួយចំនួននៅក្នុងគណបក្សរបស់លោកឲ្យរូបលោកលាលែងពីតំណែងប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Observer លោកក៏បានលើកឡើងថាលោកអាចកាន់អំណាចបានរយៈពេល១០ ឆ្នាំផងដែរ។

លោកនាយករដ្ឋមន្ត្រីនឹងព្យាយាមតស៊ូវាយបកវិញក្នុងឆាកនយោបាយ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ជាមួយនឹងសុន្ទរកថាមួយនៅថ្ងៃចន្ទនេះ និងច្បាប់ថ្មីក្នុងសុន្ទរកថារបស់ព្រះមហាក្សត្រនៅថ្ងៃពុធ ប្រឆាំងនឹងការផ្ទុះឡើងនៃកំហឹងយ៉ាងខ្លាំងចំពោះការបរាជ័យក្នុងការបោះឆ្នោតតំបន់នៅសប្តាហ៍នេះ។
លទ្ធផលបឋមកាលពីថ្ងៃសុក្រសប្ដាហ៍មុន បង្ហាញពីកំហឹងកប់យ៉ាងជ្រៅរបស់អ្នកបោះឆ្នោតចំពោះលោក Keir Starmer។ អ្នកទទួលផលចម្បងគឺគណបក្សកំណែទម្រង់ប្រជានិយមប្រឆាំងអន្តោប្រវេសន៍ ដែលទទួលបានអាសនៈក្រុមប្រឹក្សារាប់រយ។

ប៉ុន្តែលោកប្រឈមនឹងការតស៊ូដ៏លំបាកមួយ។ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ អតីតរដ្ឋមន្ត្រីលោក Josh Simons បានក្លាយជាសមាជិកសភារបស់គណបក្សការងារចុងក្រោយបង្អស់ដែលអំពាវនាវឱ្យលោកចាកចេញតំណែង។លោកនិយាយថា រូបលោកមិនជឿថាលោកនាយករដ្ឋមន្ត្រី អាចងើបឈរបាននៅពេលនេះទេ។ លោកបានបាត់បង់ប្រទេស។ លោកគួរតែរៀបចំការផ្ទេអំណាចតាមសម្រួលទៅកាន់នាយករដ្ឋមន្ត្រីថ្មី។
លោកស្រី Catherine West អតីតរដ្ឋមន្ត្រីមួយរូបទៀត បាននិយាយថា គណបក្សការងារ មានបញ្ហា ហើយត្រូវចាត់វិធានការឲ្យបានឆាប់រហ័ស ខណៈលោកស្រីបាននិយាយម្តងទៀតអំពីការគំរាមកំហែងដែលលោកស្រីបានធ្វើកាលពីថ្ងៃសៅរ៍ ដើម្បីចាប់ផ្តើមការជ្រើសតាំងមេដឹកនាំឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅថ្ងៃចន្ទ១១ឧសភានេះ។សមាជិកសភាគណបក្សការងារប្រហែល ៣០ រូបបានអំពាវនាវឲ្យលោក Starmer លាលែងពីតំណែង ឬកំណត់កាលបរិច្ឆេទសម្រាប់ការចាកចេញរបស់លោក៕
