កីឡាករវាយកូនគោលអូស្ត្រាលី Lucas Herbert បានសម្រេចជោគជ័យដ៏ធំមួយក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីឈ្នះពានរង្វាន់ LIV Golf Virginia ជាលើកដំបូង ក្រោយបញ្ចប់ការប្រកួតដោយលទ្ធផលសរុប ២៤ អាន់ឌ័រប៉ា នៅទីលាន Trump National DC រដ្ឋ Virginia សហរដ្ឋអាមេរិក។
Herbert វ័យ ៣០ ឆ្នាំ បានគ្រប់គ្រងការប្រកួតតាំងពីថ្ងៃដំបូង ដោយវាយបាន ៦៤ និង ៦៣ ស្ត្រូកក្នុងពីរជុំដំបូង មុនបន្តរក្សាការនាំមុខរបស់ខ្លួនក្នុងជុំចុងក្រោយ ដោយធ្វើបាន ៣ អាន់ឌ័រប៉ា ៦៩ ស្ត្រូក កាលពីថ្ងៃអាទិត្យ។
ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករអេស្ប៉ាញ Sergio Garcia ដែលចាញ់ Herbert ចំនួន ៤ ស្ត្រូក ខណៈ Bryson DeChambeau ឡើងមកឈរលេខ៣ ក្រោយធ្វើបាន ៦៤ និង ៦៦ ស្ត្រូកនៅចុងសប្ដាហ៍ មុនការប្រកួត PGA Championship សប្ដាហ៍ក្រោយ។
ជ័យជម្នះនេះក៏បានជួយឱ្យ Herbert ឡើងទៅឈរលេខ៣ ក្នុងតារាងពិន្ទុប្រចាំរដូវកាល LIV Golf នៅពីក្រោម Jon Rahm និង Bryson DeChambeau ហើយក៏ធានាកៅអីចូលរួមការប្រកួត U.S. Open ផងដែរ។
មុននេះ Herbert ធ្លាប់ឈ្នះពាននៅលើ PGA Tour, DP World Tour និង Asian Tour រួចមកហើយ ប៉ុន្តែនេះជាជ័យជម្នះដំបូងរបស់លោកនៅ LIV Golf នេះ។
សម្រាប់ការប្រកួតបន្ទាប់របស់ LIV Golf នៅកូរ៉េគ្រោងនឹងធ្វើឡើងពីថ្ងៃទី២៨ ដល់ ៣១ ខែឧសភា ខាងមុខនេះ ទោះបីមានព័ត៌មានថា មូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត អាចដកការគាំទ្រផ្នែកហិរញ្ញវត្ថុក្រោយរដូវកាល ២០២៦ នេះក៏ដោយ៕ អត្ថបទ៖នាង សុភាវុធ

