ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកដ៏ធំនៅកម្ពុជា MPL Cambodia រដូវកាលទី១០ បានរកឃើញក្រុមឡើងវគ្គ Play-Off ហើយ ក្រោយចំណាយពេលប្រកួតវគ្គជម្រុះ ៥សប្ដាហ៍ រួមមានក្រុមកំពូលតារាង Pro Esports, ក្រុមជើងឯកឆ្នាំចាស់ CFU Gaming ឈរលេខ២, Vigor Apex ឈរលេខ៣, Galaxy Legends ឈរលេខ៤, Team Flash KH ឈរលេខ៥ និងក្រុម Valhalla ឈរលេខ៦។

ដោយឡែកបេក្ខភាព ៤ក្រុម ដែលបានធ្លាក់ត្រឹមវគ្គ Regular គឺមានក្រុម Evil Eye Eposrt ឈរលេខ៧, Duck Rice Esports ឈរលេខ៨, See You Soon ឈរលេខ៩ និងក្រុមកីឡាការិនី Galaxy Phoenix ឈរលេខ១០។
ទន្ទឹមជាមួយការទទួលបានកៅអីវគ្គបន្ដទាំងតានតឹង កីឡាករ ឃឿន វិទូ ហៅ Zerm សមាជិកក្រុម Team Flash KH ថា ក្រុមខ្លួនបានខំប្រឹង និងធ្វើបានល្អហើយ នៅវគ្គ Regular ពិតស្មារតីក្រុម ដែលប្រើកីឡាករខ្មែរសុទ្ធ គ្រាន់តែនៅមានបញ្ហាបច្ចេកទេសបន្ដិចបន្ដួច ដែលពួកគេនឹងព្យាយាមបំពេញបន្ថែម នៅវគ្គបន្ទាប់ ដើម្បីមានឱកាសប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ។
បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះដ៏ជក់ចិត្ត នឹងឈានដល់វគ្គខ្លាំង ប៉ះខ្លាំងកាន់តែរន្ថើន ជាមួយការប្រកួតវគ្គ Play-Off។ ក្នុងចំណោមបេក្ខភាព ៦ក្រុម ដែលបានឡើងវគ្គបន្ដនេះ ក្រុមកំពូលតារាង Pro Esports និងក្រុម CFU Gaming ត្រូវឈរចាំនៅវគ្គ ៤ក្រុមចុងក្រោយ គ្រាដែល ៤ក្រុមទៀត ត្រូវជួបគ្នាក្នុងវគ្គ Play-In ក្នុងនោះក្រុម Vigor Apex ត្រូវជួបក្រុម Valhalla ដោយក្រុមឈ្នះ ត្រូវឡើងទៅជួបក្រុម Pro Esports និងក្រុម Galaxy Legends ត្រូវជួបក្រុម Team Flash KH ខណៈក្រុមឈ្នះ ត្រូវជួបក្រុម CFU Gaming ដើម្បីបន្ដការប្រកួតប្រជែង រហូតរកឃើញបេក្ខភាពឡើងវគ្គ Grand Final ដើម្បីកំណត់ជោគជ័យវាសនាម្ចាស់ជើងឯក MPL Cambodia រដូវកាលទី១០ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា










