ទីក្រុងប៉េកាំងបានបញ្ជាក់នៅថ្ងៃចន្ទ ១១ ខែឧសភា សប្ដាហ៍នេះ ថាលោកប្រធានាធិបតី Donald Trump នឹងបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី ១៣ ដល់១៥ ខែឧសភា ដោយមេដឹកនាំអាមេរិករូបនេះ ត្រូវគេរំពឹងថានឹងពិភាក្សាអំពីបញ្ហាអ៊ីរ៉ង់ និងពាណិជ្ជកម្មជាមួយសមភាគីចិនរបស់លោក។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានធ្លាក់ក្នុងជម្លោះលើបញ្ហាសំខាន់ៗជាច្រើនចាប់ពីពន្ធពាណិជ្ជកម្មរហូតដល់សង្គ្រាមមជ្ឈិមបូព៌ា និងកោះតៃវ៉ាន់ ដែលប្រទេសចិនអះអាងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។
ដំបូងឡើយលោក Trump គ្រោងទៅបំពេញទស្សនកិច្ចនៅចុងខែមីនា ឬដើមខែមេសាកន្លងទៅនេះ ប៉ុន្តែបានពន្យារពេលដំណើរទស្សនកិច្ចរបស់លោកដើម្បីផ្តោតលើសង្គ្រាមអ៊ីរ៉ង់។

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា តាមការអញ្ជើញរបស់លោកប្រធានាធិបតី Xi Jinping ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald J Trump នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី១៣ ដល់១៥ ខែឧសភាខាងមុខនេះ។ នៅមុនជំនួបទល់មុខគ្នាដែលបានគ្រោងទុកនេះ ក្រុមអ្នកវិភាគបានលើកឡើងថា ជំនួបនោះ នឹងមិនមានលទ្ធលផផ្លែផ្កាទេ។

មេដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោកនឹងធ្វើកិច្ចចរចាផ្ទាល់មុខជាលើកដំបូងក្នុងរយៈពេលជាងប្រាំមួយខែ។
លោក Trump គ្រោងនឹងទៅដល់ទីក្រុងប៉េកាំងនៅថ្ងៃពុធសប្ដាហ៍នេះ មុនពេលកិច្ចពិភាក្សាដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៧។ជំនួបទល់មុខគ្នាចុងក្រោយរបស់មេដឹកនាំទាំងពីរបានធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំមុន៕