ក្រុមអ្នកតវ៉ានៅទីក្រុង Belgrade ទាមទារឲ្យមានការបោះឆ្នោត និងការលាលែងពីតំណែងរបស់លោកប្រធានាធិបតី Aleksandar Vucic កាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា។

ក្រុមបាតុករដឹកនាំដោយនិស្សិតពីរទៅបីពាន់នាក់ បានចេញធ្វើបាតុកម្មឆ្លងកាត់រដ្ឋធានីប្រទេសស៊ែប៊ី ដោយគ្រវីទង់ជាតិ និងស្រែកថា «និស្សិតនឹងឈ្នះ» ប៉ុន្តែពុំមានរបាយការណ៍អំពីអំពើហិង្សា ឬការប៉ះទង្គិចជាមួយនគរបាលទេ។

ការតវ៉ាប្រឆាំងរដ្ឋាភិបាល បានរាលដាលនៅពាសពេញប្រទេសស៊ែប៊ីចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ មួយខែបន្ទាប់ពីមនុស្ស ១៦នាក់បានស្លាប់នៅក្នុងការបាក់រលំដំបូលនៅស្ថានីយ៍រថភ្លើងក្នុងទីក្រុង Novi Sad ភាគខាងជើងប្រទេសស៊ែប៊ី។
អ្នកតវ៉ានិយាយថា ដំណោះស្រាយតែមួយគត់គឺការបោះឆ្នោត។ ដំណោះស្រាយដោយសន្តិវិធីដែលរដ្ឋាភិបាល មិនទទួលយក ពួកគេមិនយល់ស្របទៅនឹងដំណោះស្រាយដោយសន្តិវិធីទេ ប៉ុន្តែគួរតែមានការបោះឆ្នោត។