តួលេខថ្មីបង្ហាញថា អតិផរណាដែលកើនឡើងខ្ពស់កប់ពពក កំពុងធ្វើឲ្យមានហានិភ័យដល់សន្តិសុខស្បៀងក្នុងចំណោមគ្រួសារជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ដែលរងគ្រោះដោយជម្លោះ ខណៈកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ចប់សង្គ្រាមបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាន់តែខ្លាំងឡើង។

ប្រធានាធិបតី លោក Masoud Pezeshkian បានថ្លែងទៅកាន់ក្រុមមន្ត្រីមួយក្រុមដែលបានជួបជុំគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីការកសាងឡើងវិញរចនាសម្ព័ន្ធដែលខូចខាត ឬបំផ្លាញក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ថា «ប្រជាជន ត្រូវតែយល់យ៉ាងប្រាកដអំពីស្ថានភាព និងការរឹតត្បិតរបស់ប្រទេស»។

លោកត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា «វាជារឿងធម្មតា ដែលមានការលំបាក និងបញ្ហានៅពេលនេះ ប៉ុន្តែតាមរយៈកិច្ចសហប្រតិបត្តិការរបស់ប្រជាជន និងការពឹងផ្អែកលើសាមគ្គីភាពជាតិ បញ្ហាអាចត្រូវបានដោះស្រាយ»។
ការថ្លែងលើកឡើងរបស់លោក Pezeshkian បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីមជ្ឈមណ្ឌលស្ថិតិអ៊ីរ៉ង់ (SCI) បាននិយាយថា Farvardin ដែលជាខែដំបូងនៃឆ្នាំតាមប្រតិទិនពែកស៊ីដែលបានបញ្ចប់នៅថ្ងៃទី២០ ខែមេសា មានអត្រាអតិផរណា ៧៣,៥ភាគរយ បើប្រៀបធៀបទៅនឹងខែដូចគ្នានៃឆ្នាំមុន។