លោក Mark Pfeifle ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សា Off the Record Strategies បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ កំពុងប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធដើម្បីមើលថាតើនរណានឹងចុះញ៉មមុន។ លោក Pfeifle បាននិយាយថា «ទាំងនេះ ពុំមែនជាការចរចាសន្តិភាពទេ វាគឺជាការចរចាដាក់សម្ពាធ»។
លោកបាននិយាយថា សហរដ្ឋអាមេរិក កំពុងដាក់សម្ពាធតាមរយៈទណ្ឌកម្ម អំណាចកងទ័ពជើងទឹក និងការបិទផ្លូវទឹក ខណៈអ៊ីរ៉ង់កំពុងដាក់សម្ពាធពីខាងក្នុងច្រកសមុទ្រ Hormuz ដែលនាំមកនូវ «ភាពមិនប្រាកដប្រជា ការព្រួយបារម្ភ និងការរំខាន» ដល់ដំណើរការទាំងមូល។

លោកនិយាយថា «នេះគឺជាការប្រជែងដើម្បីមើលថាភាគីណាអាចរក្សាសម្ពាធបានយូរជាង ដោយមិនបាត់បង់ការគ្រប់គ្រង» ហើយសម្រាប់លោក Trump នោះមានន័យថា វាជា «ហ្គេម រង់ចាំមើល» ខណៈជម្រើសជាច្រើនត្រូវបានដកចេញ ដែលធ្វើឱ្យមេដឹកនាំអាមេរិក ព្យាយាមរង់ចាំរដ្ឋាភិបាលអ៊ីរ៉ង់។
អ៊ីរ៉ង់ កំពុងស្ថិតនៅក្រោមភាពតានតឹងយ៉ាងខ្លាំង ដោយអ្នកវិភាគបាននិយាយថា ខណៈប្រាក់រីយ៉ាល់(rial) កំពុងធ្លាក់ចុះលឿនជាងផ្នែកការទូតដែលកំពុងដំណើរការ។

លោក Pfeifle បានពន្យល់ថា អតិផរណាលើទំនិញប្រើប្រាស់ក្នុងគ្រួសារមួយចំនួន មាននំប៉័ង និងប្រេងចម្អិនអាហារ បានឡើងលើសពី២០០ភាគរយ ដោយអតិផរណាសរុបមានប្រហែល៥០ភាគរយ។ ទោះជាយ៉ាងណា លោកបាននិយាយបន្ថែមថា ការវាយតម្លៃរបស់ចារកម្មសហរដ្ឋអាមេរិកដែលលេចធ្លាយ បានធ្វើឱ្យស្មុគស្មាញដល់ជំហររបស់លោក Trump ដោយព្យាករថា អ៊ីរ៉ង់អាចទប់ទល់នឹងសម្ពាធកម្រិតនេះរយៈពេលជាច្រើនខែទៀត។