លោក Yuri Ushakov ជំនួយការវិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃទី១០ ខែឧសភា ថា បេសកជនអាមេរិក លោក Steve Witkoff និងលោក Jared Kushner អាចនឹងមកទស្សនកិច្ចទីក្រុងមូស្គូក្នុងពេលឆាប់ៗនេះ ដើម្បីបន្តការសន្ទនាជាមួយភាគីរុស្ស៊ី។

លោក Ushakov បានប្រាប់សារព័ត៌មានរដ្ឋរុស្ស៊ី Vesti ថា មិនយូរមិនឆាប់ លោកគិតថា ឆាប់ៗនេះក្រុមការងាររបស់ពួកលោក គឺ លោក Steve Witkoff និងលោក Kushner នឹងមកទីក្រុងមូស្គូ ហើយពួកលោកនឹងបន្តការសន្ទនាជាមួយពួកគេ។

លោក Witkoff និងលោក Kushner ដែលជាបេសកជនជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក Donald Trump សម្រាប់កិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន បានទៅទស្សនកិច្ចទីក្រុងមូស្គូចុងក្រោយនៅថ្ងៃទី២២ មករា ដើម្បីជួបប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយបរាជ័យក្នុងការសម្រេចបាននូវភាពជឿនលឿនឆ្ពោះទៅរកដំណោះស្រាយចុងក្រោយបញ្ចប់សង្គ្រាមអ៊ុយក្រែន។

លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីចុងសប្ដាហ៍នេះថា រូបលោកជឿថា សង្រ្គាមអ៊ុយក្រែននឹងជិតឈានដល់ទីបញ្ចប់ហើយ។មេដឹកនាំរុស្ស៊ីរូបនេះ បានធ្វើអត្ថាធិប្បាយបន្ទាប់ពីក្បួនព្យុហយាត្រាទិវាជ័យជម្នះដែលបានធ្វើឡើងស្របពេលមានបទឈប់បាញ់រយៈពេលបីថ្ងៃ។កិច្ចព្រមព្រៀងនេះ ត្រូវបានរាយការណ៍ថាបានសម្របសម្រួលដោយលោកប្រធានាធិបតី Donald Trump។
ទោះបីជាមានដំណើរទស្សនកិច្ចម្តងហើយម្តងទៀតទៅកាន់ប្រទេសរុស្ស៊ីក៏ដោយ បេសកជនមិនទាន់បានទៅទស្សនកិច្ចទីក្រុងគីវនៅឡើយទេ។ ប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា ប្រេសិតអាមេរិកទាំងពីរអាចនឹងទៅប្រទេសអ៊ុយក្រែននៅចុងនិទាឃរដូវ ឬដើមរដូវក្តៅខាងមុខនេះ។
ការអត្ថាធិប្បាយរបស់លោក Ushakov បានកើតឡើងស្របពេលមានការប៉ុនប៉ងស្រោចស្រង់ឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងសន្តិភាពដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន ដែលបានជាប់គាំង ខណៈ ទីក្រុងគីវ និងទីក្រុងមូស្គូនៅតែមានការផ្ទុយគំនិតគ្នាខ្លាំងលើបញ្ហាទឹកដី។
ប្រទេសរុស្ស៊ីបានទាមទារឱ្យអ៊ុយក្រែនប្រគល់តំបន់ Donbas ទាំងមូល រួមទាំងតំបន់ដែលនៅតែកាន់កាប់ដោយកងកម្លាំងអ៊ុយក្រែន និងរួមទាំងតំបន់នានាដែលជាខ្សែក្រវ៉ាត់បន្ទាយដ៏សំខាន់ជាយុទ្ធសាស្ត្រ៕