បាល់ទាត់៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាការិនីបឋមចំនួន ៣៥នាក់សម្រាប់ធ្វើការប្រមូលផ្ដុំហ្វឹកហាត់ក្នុងក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា ត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនាខែឧសភាខាងមុខ។

កីឡាការិនីដែលត្រូវបានជ្រើសរើសត្រៀមធ្វើការប្រមូលផ្ដុំហ្វឹកហាត់នាពេលខាងមុខនេះ រួមមានកីឡាការិនីក្លិបភ្នំពេញក្រោន ១៣នាក់, ព្រះខ័នរាជស្វាយរៀង ៨នាក់, ណាហ្គាវើលដ៏-កំពង់ស្ពឺ ៧នាក់, សៀមរាប ៥នាក់ និងកីឡាការិនីក្លិបបឹងកេត ២នាក់។ តាមការបញ្ជាក់របស់លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា ការប្រមូលផ្ដុំហ្វឹកហាត់នេះគ្រោងធ្វើឡើងនាថ្ងៃទី២០ ខែមេសារហូតដល់ថ្ងៃទី០៥ ខែឧសភាដើម្បីចម្រាញ់កីឡាការិនីឆ្នើមៗក្នុងបញ្ជីចុងក្រោយ ត្រៀមធ្វើដំណើរទៅវៀតណាមនៅថ្ងៃទី០៦ ខែឧសភា។
គួរបញ្ជាក់ថា ក្នុងយុទ្ធនាការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាម ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះវៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ី ខណៈប្រកួតបើកឆាកក្រុមបាល់ទាត់នារីកម្ពុជានឹងត្រូវជួបហ្វីលីពីនមុនគេនាថ្ងៃទី០៩-ឧសភា មុនជួបឥណ្ឌូនេស៊ីនាថ្ងៃទី១១-ឧសភា និងចុងក្រោយជួបម្ចាស់ផ្ទះវៀតណាមនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា