បាល់ទាត់៖ ក្រុមកំពូលតារាង League Championship, Norwich City កំពុងស្ថិតក្នុងដំណើរត្រលប់មកកាន់ក្របខណ្ឌកំពូល English Premier League វិញនៅរដូវកាលក្រោយ បន្ទាបពីជ័យជំនះនៅទឹកដី Nottingham Forest ២-០ យប់មិញឡើងនាំមុខដាច់ក្រុមលេខ២ ដល់ទៅ ១០ពិន្ទុ។

ពីរគ្រាប់ដើមវគ្គទី១ របស់ខ្សែប្រយុទ្ធ Teemu Pukki នាទីទី៩ និង Kieran Dowell នាទីទី១៣ គ្រប់គ្រាន់ល្មមសំរាប់ក្រុមភ្ញៀវ Norwich ទទួលបាន ៣ពិន្ទុ ៩ប្រកួតជាប់គ្នា។ នៅសល់ ៩ប្រកួតទៀតចប់រដូវកាល Norwich City នៅពេលនេះនាំមុខដាច់ក្រុមលេខ២ Watford ១០ពិន្ទុ ខណៈក្រុមលេខ៣ Swansea ដេញពីក្រោយ ១៣ពិន្ទុតែនៅសល់មួយប្រកួតក្នុងដៃ។
មួយគ្រាប់របស់ Teemu Pukki គឺជាគ្រាប់ទី២២ របស់ខ្សែប្រយុទ្ធហ្វាំងឡង់រូបនេះក្នុងរដូវកាលនេះនៅ League Championship។ ចំណែកឯ Nottingham Forest បរាជ័យយប់មិញធ្វើឲ្យពួកគេធ្លាក់ដល់លេខ ១៨ នៅពីលើតំបន់គ្រោះថ្នាក់ ៩ពិន្ទុតែ Rotherham នៅសល់ដល់ទៅ ៤ប្រកួតដៃ បន្ទាប់ពីអាក់ខានការប្រកួតជាច្រើនដោយសារ Covid-19៕
អត្ថបទ៖នាង សុភាវុធ