រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបង្ហាញពិភពលោកនៅថ្ងៃនេះពីឆន្ទៈប្រទេសរបស់លោក ក្នុងការធ្វើសហប្រតិបត្តិការជាមួយដៃគូទាំងអស់ និងអះអាងថា រុស្ស៊ីនឹងគ្មានថ្ងៃធ្លាក់ចូលក្នុងភាពឯកោឡើយ នៅក្នុងការសន្ទនារបស់លោកជាមួយក្រុមកម្មករនៅមូលដ្ឋានបាញ់បង្ហោះយានអវកាស Vostochny Cosmodrome ក្នុងប្រទេសរុស្ស៊ី។

លោកថា យើងនឹងមិនឯកាទេ។ ជាទូទៅវាពិតជាមិនអាចធ្វើឲ្យនរណាម្នាក់ឯកា នៅក្នុងពិភពលោកដ៏ទំនើបនេះទេ វាពិតជាមិនអាចធ្វើឲ្យប្រទេសធំដូចជាប្រទេសរុស្ស៊ីឯកាឡើយ។ លោកប្រធានាធិបតីរូបនេះបានថ្លែងបែបនេះ អំឡុងចុះពិនិត្យមូលដ្ឋានបាញ់បង្ហោះយានអវកាសក្នុងតំបន់ Amur របស់រុស្ស៊ីជាមួយសមភាគីបេឡារុសរបស់លោកគឺលោក Alexander Lukashenko។ លោក Putin បានរម្លឹកថា កាលពីអំឡុងឆ្នាំ១៩៦១ សាធារណរដ្ឋសង្គមនិយមនៃសហភាពសូវៀតពិតជាឯកាពីទស្សនបច្ចេកវិទ្យា ហើយទណ្ឌកម្មលោកខាងលិចបានប៉ះពាល់ខ្លាំងដល់ការអភិវឌ្ឍន៍។
លោកបានសង្កត់ធ្ងន់ថា ទោះបីជាមានការលំបាក និងការព្យាយាមរារាំងការអភិវឌ្ឍន៍របស់ប្រទេសពីបរទេសក៏ដោយ ក៏រុស្ស៊ីនឹងអនុវត្តផែនការដែលបានគ្រោងទុកទាំងអស់ នៅក្នុងវិស័យអវកាសជាមួយនឹងបច្ចេកវិទ្យាផ្ទាល់ខ្លួន ដើម្បីជំនួសអ្វីដែលបានទិញពីកន្លងទៅដោយប្រើប្រាក់ចំណេញពីការលក់ប្រេង និងឧស្ម័ន៕
អត្ថបទ៖ សុខមាន