ស្ថិតិរដ្ឋាភិបាលចុងក្រោយបំផុត បានបង្ហាញថា ជនអន្តោប្រវេសន៍ជាង ២០០.000នាក់ បានទៅដល់ច្រាំងចក្រភពអង់គ្លេសដោយជិះទូកតូចៗ ចាប់តាំងពីការកត់ត្រា បានចាប់ផ្តើម នៅឆ្នាំ ២០១៨។

ចំនួននេះ បានកើតឡើង នៅពេលដែលគណបក្សកំណែទម្រង់អង់គ្លេស ( Reform UK) ដែលប្រឆាំងនឹងជនអន្តោប្រវេសន៍ កាលពីថ្ងៃព្រហស្បតិ៍ ទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតក្នុងស្រុកដែលគ្របដណ្ដប់ដោយបញ្ហាជាតិរួមទាំងអន្តោប្រវេសន៍ផងដែរ។
តួលេខរបស់ក្រសួងមហាផ្ទៃដែលបានចេញផ្សាយនាថ្ងៃសៅរ៍ បានបង្ហាញថា មនុស្ស ៧០នាក់ បានមកដល់ដោយជិះទូកតែមួយ កាលពីថ្ងៃសុក្រ។

ឆ្នេរសមុទ្រភាគខាងជើងប្រទេសបារាំង គឺជាចំណុចចេញដំណើរដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍ដែលសង្ឃឹមថា នឹងទៅដល់ចក្រភពអង់គ្លេស ដែលជាធម្មតាប្រថុយនឹងការធ្វើដំណើរតាមទូកដែលគ្មានសុវត្ថិភាពនិងផ្ទុកលើសចំណុះ។
ជនអន្តោប្រវេសន៍ដែលបានទៅដល់អង់គ្លេសកាលពីថ្ងៃសុក្រ ធ្វើឲ្យចំនួនសរុបកើនឡើងដល់ ២០០.០១៣នាក់។
តួលេខនេះ ត្រូវបានគណនាដោយប្រើប្រាស់ស្ថិតិផ្លូវការរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ ២០១៨ ដល់ ២០២៥ និងតួលេខបណ្តោះអាសន្នដែលបានកត់ត្រា រហូតមកដល់ពេលនេះ នៅឆ្នាំនេះ៕