អ្នកការទូតមកពីប្រទេសចំនួន ១៣ នៅអឺរ៉ុប និងកាណាដា កាលពីថ្ងៃសៅរ៍ បានថ្កោលទោសចំពោះ«អំពើភេរវកម្ម» កាន់តែខ្លាំងឡើងដោយអ្នកតាំងលំនៅឋានប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់វេសបែង( West Bank) បន្ទាប់ពីការកើនឡើងនៃការវាយប្រហារដ៏សាហាវ។
ចាប់តាំងពីដើមខែមីនាមក ប្រជាជនប៉ាឡេស្ទីនចំនួន ៦នាក់ ត្រូវបានបាញ់សម្លាប់ នៅក្នុងការវាយប្រហាររបស់អ្នកតាំងលំនៅ នៅក្នុងតំបន់វេសបែង។ នេះបើយោងទិន្នន័យសរុបពីក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅទីក្រុងរ៉ាម៉ាឡា។
សេចក្តីថ្លែងការណ៍រួមមួយពីបេសកកម្មការទូតរបស់ប្រទេសនានា ក្នុងនោះមានបារាំង អេស្ប៉ាញ និងអង់គ្លេស បានបញ្ជាក់ថា៖«យើងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការកើនឡើងនៃភេរវកម្ម និងអំពើហិង្សារបស់អ្នកតាំងទីលំនៅគាំទ្រដោយកងកម្លាំងសន្តិសុខអ៊ីស្រាអែល ដែលបានបង្កឡើងលើសហគមន៍ប៉ាឡេស្ទីន»។
«យើងមានការកត់ស្លុតយ៉ាងខ្លាំងចំពោះការសម្លាប់ប្រជាជនប៉ាឡេស្ទីន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ អំពើហិង្សាដោយអ្នកតាំងលំនៅឋានមានគោលបំណងដណ្តើមយកដីធ្លី និងបង្កើតបរិយាកាសបង្ខិតបង្ខំ ដែលបង្ខំប្រជាជនប៉ាឡេស្ទីនឲ្យចាកចេញពីផ្ទះរបស់ពួកគេ ត្រូវតែបញ្ចប់»៕