ប្រទេសចិនបានបាញ់បង្ហោះយានអវកាសដឹកទំនិញ Tianzhou-10 ដោយជោគជ័យ ពីទីតាំងបាញ់បង្ហោះយានអវកាស Wenchang នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីដឹកជញ្ជូនសម្ភារៈសម្រាប់ស្ថានីយអវកាស Tiangong របស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារអវកាសចិន។
ទីភ្នាក់ងារនេះ បាននិយាយថា រ៉ូកែត Long March-7 ដែលផ្ទុកយានអវកាស Tianzhou-10 ត្រូវបានបាញ់បង្ហោះ នៅម៉ោង៨: ១៤ ព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ពីទីតាំងបាញ់បង្ហោះ Wenchang នៅក្នុងខេត្ត Hainan ភាគខាងត្បូងប្រទេសចិន។
បន្ទាប់ពីប្រហែល ១០ នាទី យានអវកាស Tianzhou-10 បានបំបែកចេញពីរ៉ូកែតនោះ ហើយចូលទៅក្នុងគន្លងផ្លូវដែលបានកំណត់របស់វា។ បន្ទះសូឡារបស់វា បានលាតត្រដាងភ្លាមៗ។ ទីភ្នាក់ងារនេះ បានប្រកាសពីការបាញ់បង្ហោះយានអវកាសនេះថា ពិតជាទទួលបានជោគជ័យទាំងស្រុង។
យានអវកាសដឹកទំនិញនេះ នឹងអនុវត្តចលនាគោចរ ក្នុងគន្លងជាក់លាក់មួយនៅពេលក្រោយ ដើម្បីចូល និងភ្ជាប់ទំនាក់ទំនងជាក់ស្តែងជាមួយស្ថានីយអវកាស Tiangong សម្រាប់ដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់៕