ភ្នំពេញ៖ មុនមួយថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែក ពលរដ្ឋរស់នៅរាជធានីភ្នំពេញ នាថ្ងៃទី១៣ខែមេសានេះ សម្រុកទៅផ្សារ ដើម្បីទិញរណ្តាប់ថ្វាយទេវតាឆ្នាំថ្មី។
រណ្តាប់សែនទេវតាឆ្នាំថ្មី ដែលមានដូចជា បាយសី ផ្លែឈើ និងនំ ជាដើមនោះ នៅថ្ងៃនេះលក់ដាច់ច្រើនគួរសម។នេះជាការលើកឡើង របស់អាជីវករលក់ដូរក្នុងផ្សារទួលទំពូង បានប្រាប់BTVនៅថ្ងៃទី១៣ខែមេសានេះ។
ពួកគាត់ថា មុនមួយថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងចាប់ផ្តើមពីថ្ងៃស្អែក ពលរដ្ឋមកផ្សារច្រើនដើម្បីទិញរណ្តាប់សែនទេវតាឆ្នាំថ្មី ហើយតម្លៃក៏សមរម្យផងដែរ។ជាមួយគ្នានេះ ពលរដ្ឋមកផ្សារបានឱ្យដឹងដែរថា ក្រោយពេលរាជរដ្ឋាភិបាលសម្រេចរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ឡើងវិញ គឺមានអារម្មណ៍សប្បាយចិត្តក្រៃលែង ហើយមានគម្រោងដើរលេងកំសាន្តនៅតំបន់ផ្សេងៗ បន្ទាប់ពីសែនទេវតារួចនៅថ្ងៃទី១។
លោក ចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួលទំពូង បានឱ្យដឹងដែរថា តាមការសង្កេតភាគច្រើនលើសលុបអាជីវករ និងអ្នកមកផ្សារ យល់ដឹងច្រើនពីវិធីការពារកុំឱ្យឆ្លងជំងឺវីដ-១៩ ដោយពួកគាត់មានការពាក់ម៉ាស់ មានជេល និងអាកុល ជាប់ដៃជាដើម។
លើសពីនេះ លោកបានបង្ហាញពីវិធានការផ្សេងៗមួយចំនួនទៀតរបស់គណៈកម្មការផ្សារ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈពលរដ្ឋសម្រុកមកផ្សារច្រើន ក្នុងពេលពិធីបុណ្យចូលឆ្នាំថ្មី នឹងចូលមកដល់នៅថ្ងៃស្អែក។
បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិ ដែលប្រជាជននៅក្នុងប្រទេសកម្ពុជាតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ មុនពេលប្រារព្ធពិធីបុណ្យចូលឆ្នាំ១ ឬ២ថ្ងៃ ប្រជាជនខ្មែរតែងតែនាំគ្នា សំអាត តុបតែងផ្ទះសម្បែង និងរៀបចំគ្រឿងរណ្ដាប់ផ្សេងៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី យាងចុះមកប្រសិទ្ធិពរជ័យ សិរីសួស្ដី ទទួលបានសេចក្ដីសុខពេញមួយឆ្នាំ៕ អត្ថបទ៖ ទូច សោភ័ណ