រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shaibani បាននិយាយនៅថ្ងៃចន្ទ (ទី១១ ខែឧសភា ឆ្នាំ២០២៦) នេះថា ទីក្រុងដាម៉ាស កំពុងចូលដល់ «ដំណាក់កាលថ្មីនៃភាពជាដៃគូ» ជាមួយសហភាពអឺរ៉ុប (EU)។
ការកត់សម្គាល់នេះបានកើតឡើង ខណៈដែល EU បានសន្យាផ្តល់ជំនួយជិត ៥៩លានដុល្លារ ដើម្បីគាំទ្រដល់ស្ថាប័នស៊ីរី។ ហើយជាមួយគ្នានេះ EU ក៏បានឲ្យដឹងផងដែរថា ខ្លួននឹងសម្របសម្រួលជាមួយស៊ីរី ដើម្បីការសម្រេចថា តើមានលក្ខខណ្ឌសុវត្ថិភាព ដើម្បីឲ្យជនភៀសខ្លួនស៊ីរី វិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញដែរ ឬអត់។

ក្រុមប្រឹក្សាអឺរ៉ុបបានលើកឡើងនៅថ្ងៃចន្ទនេះថា ខ្លួនបានអនុម័តការសម្រេចបញ្ចប់ការផ្អាកដោយផ្នែកនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងសហគមន៍សេដ្ឋកិច្ចអឺរ៉ុប និងសាធារណរដ្ឋអារ៉ាប់ស៊ីរី ដោយហេតុនេះការស្តារទំនាក់ទំនងពាណិជ្ជកម្មពេញលេញជាមួយស៊ីរីកើតមានឡើងវិញ។
ក្រុមប្រឹក្សាអឺរ៉ុបបានបញ្ជាក់ថា ចលនានេះបានក្លាយជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងទ្វេភាគី រវាង EU និងស៊ីរី។
ក្រុមប្រឹក្សាអឺរ៉ុបបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចនេះ «ផ្ញើសារនយោបាយច្បាស់លាស់មួយ អំពីការប្តេជ្ញាចិត្តរបស់ EU ក្នុងការចូលរួមជាមួយស៊ីរីឡើងវិញ និងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ»៕
