នាយកក្រុមហ៊ុនផលិតប្រព័ន្ធ Iron Dome ដែលគ្រប់គ្រងដោយរដ្ឋ គឺ Rafael Advanced Defense Systems Ltd (Rafael) បាននិយាយនៅថ្ងៃចន្ទ (ទី១១ ខែឧសភា ឆ្នាំ២០២៦) នេះថា Iron Dome របស់អ៊ីស្រាអែលមានប្រសិទ្ធភាពជិត ៩៩ភាគរយ ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលពីក្រុមសកម្មប្រយុទ្ធហាម៉ាស និងក្រុមហេសបូឡា ហើយបានបាញ់ទម្លាក់មីស៊ីលភាគច្រើនពីអ៊ីរ៉ង់។
លោក Yuval Steinitz មកពីក្រុមហ៊ុន Rafael បានប្រាប់សន្និសីទមួយរបស់មជ្ឈមណ្ឌលសន្តិសុខ និងកិច្ចការបរទេសក្រុងហ្សេរុយសាឡឹម (Jerusalem Center for Security and Foreign Affairs ) ថា ចាប់តាំងពីមានការវាយឆ្មក់របស់ក្រុមហាម៉ាស លើអ៊ីស្រាអែល កាលពីខែតុលា ឆ្នាំ២០២៣ ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា និងក្រុមហេសបូឡា នៅប្រទេសលីបង់ បានបាញ់រ៉ូកែតប្រហែល ៤០.០០០គ្រាប់ ទៅលើអ៊ីស្រាអែល។
លោក Steinitz បានបញ្ជាក់ថា៖ «ប្រព័ន្ធ Iron Dome បានស្ទាក់ចាប់រ៉ូកែតដោយភាគច្រើន ដោយអត្រាជោគជ័យមិនមែន ១០០០ភាគរយទេ ប៉ុន្តែជិត ១០០ភាគរយ។ វាមានប្រហែល ៩៨ភាគរយ សូម្បីតែ ៩៩ភាគរយ ដូច្នេះ វាមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែស្ទើរតែល្អឥតខ្ជោះ»។
លោកបានបន្ថែមថា អ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកប្រហែល ១.៥០០គ្រាប់ ទៅអ៊ីស្រាអែល អំឡុងការប្រយុទ្ធគ្នា ២ជុំ ចាប់តាំងពីឆ្នាំ២០២៤ ហើយ «មានចំនួនរាប់សិបគ្រាប់ប៉ុណ្ណោះ» ដែលមិនត្រូវបានស្ទាក់ចាប់។ ហើយជាមួយគ្នានេះ លោកបានកត់សម្គាល់ថា មិនមានការខ្វះខាតប្រព័ន្ធស្ទាក់ចាប់មីស៊ីលនោះទេ៕