រដ្ឋាភិបាលអូស្រ្តាលីនិយាយនៅថ្ងៃចន្ទនេះថា ពួកគេនឹងជួលជើងហោះហើរ ដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួន និងពលដ្ឋណូវែលសេឡង់ម្នាក់ ចេញពីនាវាកម្សាន្តប្រណីតដោតទង់ជាតិហូឡង់ ដែលរងការវាយប្រហារពីវីរុស Hanta ក្នុងនោះអ្នកដំណើរដែលវិលត្រឡប់មកវិញ នឹងត្រូវធ្វើចត្តាឡីស័ក ពេលមកដល់ ។
យោងតាមការអះអាងរបស់អង្គការសុខភាពពិភពលោក(WHO) បានឲ្យដឹងថា មនុស្ស ៨នាក់ដែលនៅលើនាវាកម្សាន្ត MV Hondius បានធ្លាក់ខ្លួនឈឺ ក្នុងនោះមនុស្ស ៦នាក់ ត្រូវបានបញ្ជាក់ថា បានឆ្លងវីរុស ហើយមនុស្ស ៣នាក់ បានស្លាប់ ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលអូស្រ្តាលីលោក Mark Butler និយាយប្រាប់សន្និសីទសារព័ត៌មានថា អ្នកដំណើរវិលត្រឡប់មកវិញ នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ៣សប្តាហ៍ នៅរដ្ឋ Western Australia ។
អង្គការ WHO បានណែនាំឲ្យធ្វើចត្តាឡីស័ករយៈពេល ៤២ថ្ងៃ សម្រាប់អ្នកដំណើរទាំងអស់ ខណៈក្រុមអ្នកជំនាញ ជំរុញឲ្យមានស្ងប់ស្ងាត់នៅក្នុងចំណោមសាធារណជនដែលធ្លាប់ឆ្លងកាត់ការរីករាលដាលឆ្លងសកលជំងឺ COVID-19 ដោយពួកគេនិយាយថា វីរុសមួយនេះ មានហានិភ័យតិចតួចប៉ុណ្ណោះ ៕