រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី បាននិយាយនៅថ្ងៃចន្ទ (ទី១១ ខែឧសភា ឆ្នាំ២០២៦) នេះថា គ្មានបេសកកម្មណាមួយ នៅក្នុងច្រកសមុទ្រ Hormuz កំពុងដំណើរការនោះទេ ទោះបីជាមានរបាយការណ៍ អំពីការចល័តកងទ័ពជើងទឹកនៅក្នុងតំបន់នេះក៏ដោយ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន ANSA។
លោក Guido Crosetto បានប្រាប់សារព័ត៌មាន ANSA ថា៖ «វាគឺជាការបម្លាស់ទី ដើម្បីនាំនាវាឲ្យមកនៅក្បែរគ្នាកាន់តែជិត និងមួយទៀត ដើម្បីបញ្ជូនពួកវាដោយផ្ទាល់ទៅកាន់ច្រកសមុទ្រ Hormuz»។
លោក Crosetto បានបញ្ជាក់ថា ការដាក់ពង្រាយណាមួយដែលភ្ជាប់ដោយផ្ទាល់ទៅនឹងច្រកសមុទ្រ Hormuz នឹងតម្រូវឲ្យមាន «ការអនុម័តបេសកកម្មថ្មី» រួមទាំង «បទឈប់បាញ់ផងដែរ បន្ទាប់មកក្របខ័ណ្ឌច្បាប់ និងចុងក្រោយ មានការអនុញ្ញាតពីសភា»។ លោកបាននិយាយថា ការពិភាក្សាលើបញ្ហានេះ នឹងចាប់ផ្តើមនៅក្នុងសភា នាថ្ងៃពុធ។
លោក Crosetto បានបន្ថែមថា ការចល័តនាវាឲ្យកាន់តែជិតតំបន់នេះ នឹងមិនមែនមានន័យថា មានបេសកកម្ម នៅច្រកសមុទ្រ Hormuz នោះទេ ប៉ុន្តែអាចបង្កើតជាផ្នែកមួយនៃប្រតិបត្តិការដែលមានស្រាប់។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយទាំងនេះ បានកើតឡើងចំពេលមានការពិភាក្សា រវាងបណ្ដាប្រទេស នៅអឺរ៉ុប ជុំវិញសន្តិសុខដែនសមុទ្រ ទាំងនៅក្នុង និងជុំវិញច្រកសមុទ្រ Hormuz បន្ទាប់ពីភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា៕