សហភាពមីយ៉ាន់ម៉ា បានអះអាងនៅថ្ងៃចន្ទ (ទី១១ ខែឧសភា ឆ្នាំ២០២៦) នេះថា «វិធានការរើសអើង» កំពុងរារាំងខ្លួនមិនឲ្យចូលក្រុមអាស៊ាន (ASEAN) បន្ទាប់ពីកិច្ចប្រជុំកំពូល កាលពីសប្តាហ៍មុន បានឃើញអង្គការនេះបន្តដាក់ក្នុងបញ្ជីខ្មៅ សម្រាប់ថ្នាក់ដឹកនាំក្រោយរដ្ឋប្រហាររបស់ប្រទេសនេះ។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) ដែលមានប្រទេសចំនួន ១១ ជាសមាជិក បានរារាំងមីយ៉ាន់ម៉ាមិនឲ្យកិច្ចប្រជុំកំពូល ចាប់តាំងពីយោធា ក្នុងឆ្នាំ២០២១ បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) និងឃុំខ្លួនមេដឹកនាំប្រជាធិបតេយ្យរូបនេះ ដែលបង្កឲ្យមានសង្គ្រាមស៊ីវិល រហូតដល់សព្វថ្ងៃ។
បន្ទាប់ពីមាននូវការគ្រប់គ្រងយោធារយៈពេល ៥ឆ្នាំ របបយោធាបានរៀបចំការបោះឆ្នោតដ៏តឹងរ៉ឹងមួយដោយមិនមានរួមបញ្ចូលគណបក្សរបស់លោកស្រី ស៊ូជី ដែលកាលពីខែមេសា បាននាំឲ្យប្រមុខយោធាដឹកនាំរដ្ឋប្រហារ លោក Min Aung Hlaing ឡើងកាន់តំណែងជាប្រធានាធិបតីស៊ីវិល។
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសហ្វីលីពីន កាលពីសប្តាហ៍មុន ប្រធានាធិបតីនៃប្រទេសម្ចាស់ផ្ទះ លោក Ferdinand Marcos បានត្អូញត្អែរថា មិនមាន «វឌ្ឍនភាពណាមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា» នោះទេ។ តែនៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសមីយ៉ាន់ម៉ា បានអះអាងផ្ទុយថា «ការវិវត្តវិជ្ជមានដែលកំពុងកើតឡើង នៅសហភាពមីយ៉ាន់ម៉ា ត្រូវបានទទួលស្គាល់យ៉ាងល្អដោយរដ្ឋសមាជិកអាស៊ានភាគច្រើន»។
តែទោះជាយ៉ាងណាក៏ដោយ គេសង្កេតឃើញថា រដ្ឋជាសមាជិកមួយចំនួន នៅតែបន្តរក្សាការរឹតបន្តឹង វិធានការរើសអើង និងការដកចេញរដ្ឋាភិបាលមីយ៉ាន់ម៉ា ពីតំណាងស្មើភាពគ្នា»។ អ្នកវិភាគលើកឡើងថា អាស៊ានកំពុងប៉ះពាល់ដោយសារការឯកភាពគ្នាមិនស៊ីសង្វាក់គ្នា លើបញ្ហាមីយ៉ាន់ម៉ា ដោយមានការខកចិត្តកាន់តែខ្លាំងឡើង ដោយសារតែខ្វះវឌ្ឍនភាពលើផែនការសន្តិភាពរបស់ក្រុមនេះ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលរបស់ប្រទេសនេះ។
យ៉ាងណាក្ដី ក្រសួងការបរទេសមីយ៉ាន់ម៉ា បានបញ្ជាក់ថា «ការចូលរួមមិនស្ថាបនាជាមួយរដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ា» នឹង «ជាការមិនគោរពដល់ឆន្ទៈពិតប្រាកដរបស់ប្រជាជនមីយ៉ាន់ម៉ា ដែលបានអនុវត្តសិទ្ធិប្រជាធិបតេយ្យរបស់ពួកគេ»។ ក្រសួងការបរទេសបានបន្ថែមថា «ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ទោះបីជាប្រឈមនឹងការប្រព្រឹត្តមិនស្មើភាពគ្នា ដែលកើតចេញពីជំហររបស់រដ្ឋសមាជិកអាស៊ានមួយចំនួនក៏ដោយ ក៏មីយ៉ាន់ម៉ាបានព្យាយាមអនុវត្តការអត់ធ្មត់ដែរ»៕