ប៉ាគីស្ថានបានកោះអញ្ជើញអ្នកការទូតជាន់ខ្ពស់អាហ្វហ្គានីស្ថានមួយរូបកាលពីថ្ងៃចន្ទ ១១ ឧសភា សប្ដាហ៍នេះ ដើម្បីដាក់ពាក្យបណ្តឹងជាផ្លូវការលើការវាយប្រហារអត្តឃាតនៅភាគពាយ័ព្យប្រទេស ជាប់ព្រំដែនជាមួយអាហ្វហ្គានីស្ថាន ដែលបានសម្លាប់មន្ត្រីនគរបាល ១៥ នាក់។

ទីក្រុង Islamabad បានស្តីបន្ទោសការវាយប្រហារកាលពីយប់ថ្ងៃសៅរ៍ទៅលើក្រុមតាលីបង់ប៉ាគីស្ថាន ដែលត្រូវបានគេស្គាល់ថាជា Tehrik-e-Taliban Pakistan ឬ TTP។ក្រុមអាជ្ញាធរប៉ាគីស្ថានបានចោទប្រកាន់រដ្ឋាភិបាលតាលីបង់ជាយូរមកហើយថាបានផ្តល់ជម្រកដល់ ក្រុម TTP ដែលជាក្រុមដាច់ដោយឡែកមួយ ប៉ុន្តែមានសម្ព័ន្ធភាពជិតស្និទ្ធជាមួយក្រុមតាលីបង់អាហ្វហ្គានីស្ថាន។ ទីក្រុង Kabul បដិសេធការចោទប្រកាន់នេះ ដោយនិយាយថាខ្លួនពុំអនុញ្ញាតឱ្យក្រុមសកម្មប្រយុទ្ធនោះ ប្រើប្រាស់ដីអាហ្វហ្គានីស្ថានដើម្បីវាយប្រហារប្រទេសដទៃទៀតឡើយ។

ក្រសួងការបរទេសប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពាក្យបណ្តឹងនេះត្រូវបានប្រគល់ជូនភារធារីអាហ្វហ្គានីស្ថាន ដោយបន្ថែមថា ការស៊ើបអង្កេតលម្អិតអំពីឧបទ្ទវហេតុនេះ រួមជាមួយនឹងភស្តុតាងដែលប្រមូលបាន និងចារកម្មបច្ចេកទេស បានបង្ហាញថា ការវាយប្រហារនេះត្រូវបានរៀបចំឡើងដោយពួកភេរវករដែលរស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

សេចក្តីថ្លែងការណ៍នេះក៏បាននិយាយផងដែរថា ទីក្រុង Islamabad រក្សាសិទ្ធិក្នុងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងជនល្មើសនៃទង្វើព្រៃផ្សៃនេះ។ មិនមានការអត្ថាធិប្បាយភ្លាមៗពីទីក្រុង Kabulទេ។
ការវាយប្រហារនៅទីក្រុង Bannu ជាស្រុកមួយក្នុងខេត្ត Khyber Pakhtunkhwa បានផ្ទុះឡើងបន្ទាប់ពីជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ ដែលមានការគាំទ្រពីក្រុមខ្មាន់កាំភ្លើងជាច្រើននាក់ បានបំផ្ទុះរថយន្តផ្ទុកគ្រឿងផ្ទុះមួយគ្រឿងនៅជិតប៉ុស្តិ៍សន្តិសុខ បង្កឱ្យមានការបាញ់ប្រហារគ្នា។ យោងតាមនគរបាលក្នុងតំបន់ មន្ត្រីមួយចំនួនត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារតបតគ្នា ខណៈមន្ត្រីមួយចំនួនទៀតបានស្លាប់បន្ទាប់ពីផ្នែកខ្លះនៃអគារបានដួលរលំ។ មនុស្សបួននាក់ក៏បានរងរបួសផងដែរ៕