សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មលើស្ថាប័ននានា និងមន្ត្រីរុស្ស៊ីជាច្រើនរូប ដែលត្រូវបានចោទប្រកាន់ពីបទនិរទេស និងបញ្ចុះបញ្ចូលកុមារអ៊ុយក្រែន ជាប្រព័ន្ធ។

សហភាពអឺរ៉ុប បានប្រកាសពីវិធានការប្រឆាំងស្ថាប័នរដ្ឋចំនួន២៣ស្ថាប័ននិងបុគ្គលមួយចំនួន កាលពីថ្ងៃចន្ទ ហើយចក្រភពអង់គ្លេស បានបង្ហាញកញ្ចប់ដ៏ទូលំទូលាយ ក្នុងពេលដំណាលគ្នា ដែលដាក់គោលដៅលើមនុស្ស៨៥នាក់ និងអង្គភាពមួយចំនួន ដែលប្រហែលជាមួយភាគបីក្នុងចំណោមនេះមានទំនាក់ទំនងជាមួយអ្វីដែលត្រូវបានគេពិពណ៌នាថាជាយុទ្ធនាការរបស់រុស្ស៊ីក្នុងការនិរទេសដោយបង្ខំ និងយកកុមារអ៊ុយក្រែន សម្រាប់ជាប្រយោជន៍យោធា។

សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប បាននិយាយថា រុស្ស៊ី បាននិរទេស និងផ្ទេរកុមារអ៊ុយក្រែនដោយបង្ខំជិត ២០.៥០០ នាក់ ចាប់តាំងពីទីក្រុងមូស្គូ បានចាប់ផ្តើមការឈ្លានពានទ្រង់ទ្រាយធំរបស់ខ្លួននៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ សេចក្តីថ្លែងការណ៍ បានដាក់សកម្មភាពទាំងនោះថាជាការរំលោភលើច្បាប់អន្តរជាតិធ្ងន់ធ្ងរ។
សហភាពអឺរ៉ុប បាននិយាយថា ការកំណត់របស់ខ្លួនផ្តោតលើស្ថាប័ន និងបុគ្គល ដែលពាក់ព័ន្ធនឹងកម្មវិធីដែលដាក់កុមារឱ្យទទួលយកការបញ្ចុះបញ្ចូលគាំទ្ររុស្ស៊ី រួមទាំងព្រឹត្តិការណ៍ស្នេហាជាតិ ការអប់រំមនោគមវិជ្ជា និងសកម្មភាពនានាដែលផ្តោតលើយោធា។ ទណ្ឌកម្ម ដែលរួមមានការបង្កកទ្រព្យសកម្ម និងការហាមឃាត់ការធ្វើដំណើរ ត្រូវបានអនុម័តដោយប្រទេសចំនួន ២៧ របស់សហភាពអឺរ៉ុប សហការជាមួយប្រទេសកាណាដា និងចក្រភពអង់គ្លេស ដែលបានប្រកាសពីវិធានការស្រដៀងគ្នានេះ។ អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយក្នុងសន្និសីទសារព័ត៌មានថា «ការលួចយកកុមារ ពុំមែនជារឿងចៃដន្យទេ។ វាគឺជាគោលនយោបាយរបស់រុស្ស៊ីដោយចេតនា ជាការវាយប្រហារដែលបានគ្រោងទុកលើអនាគតរបស់អ៊ុយក្រែន»។