ភ្នំពេញ៖ មកដល់ពេលនេះ គ្រប់សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះស្នាក់ជាដើម ដែលនៅតាមខេត្តគោលដៅទេសចរណ៍សំខាន់ៗ ទាំងអស់នៅទូទាំងប្រទេស ត្រូវបានភ្ញៀវធ្វើការកក់បន្ទប់ស្នាក់ស្ទើតែទាំងអស់ ដើម្បីត្រៀមទៅស្នាក់នៅដើរលេងកម្សាន្ត នៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃស្អែកទី១៤ រហូតដល់ថ្ងៃទី ១៦ខែមេសានេះ។
ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់ BTV នៅថ្ងៃទី១៣ ខែមេសានេះថា បន្ទប់ស្នាក់សណ្ឋាគារ និងផ្ទះសំណាក់ នៅតាមខេត្តគោលដៅទេសចរណ៍ធំៗមានដូចជា ខេត្តព្រះសីហនុ កំពត និងខេត្តកែប និងខេត្តមណ្ឌលគិរីជាដើម មកដល់ពេលនេះ គឺមានកក់ពេញអស់ហើយ ។ ដោយឡែកគ្រប់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាបវិញ ស្ទើគ្រប់១០០% គឺទទួលបានការកក់បន្ទប់ស្នាក់ពីភ្ញៀវ ប៉ុន្តែម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នានា ក៏មានការរក្សាទុកបន្ទប់ស្នាក់ប្រមាណ១០ទៅ១៥% មិនអោយភ្ញៀវកក់មុន ដើម្បីទុកត្រៀមទទួលភ្ញៀវថ្មីទៀត ដែលនឹងទៅស្វែងរកបន្ទប់ស្នាក់នៅថ្ងៃបុណ្យចូលឆ្នាំថ្មី។
ទោះយ៉ាងណាសម្រាប់បន្ទប់ស្នាក់ដែលម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់រក្សាទុកសម្រាប់ជួលជូនភ្ញៀវនៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំនោះ ឯកឧត្តម តុប សុភ័ក បានប្រកាសកុំអោយមានការដំឡើងថ្លៃហួសពីតារាងតម្លៃដែលម្ចាស់អាជីវកម្មបានកំណត់នៅក្នុងតារាងតម្លៃ ហើយបើមានដំឡើងថ្លៃខុសប្រក្រតីនោះ ឯកឧត្តម ក៏បានស្នើអោយភ្ញៀវត្រូវរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
បើតាមលោកស្រី ឆាយ សៀវលីន ប្រធានសមាគមន៍ទីភ្នាក់ទេសចរណ៍កម្ពុជា ថ្លែងថា ជាទូទៅនៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មី បណ្តាភ្ញៀវទេសចរជាតិ ភាគច្រើន គឺមិនចង់ដើរកម្សាន្តទស្សនាកម្ពុជា តាមរយៈការទិញកញ្ចប់ទេសចរណ៍នោះទេ ប៉ុន្តែគ្រប់បណ្តាភ្ញៀវស្ទើតែទាំងអស់ បានប្រើប្រាស់ក្រុមហ៊ុនការីទេសចរណ៍អោយធ្វើការកក់តែបន្ទប់ស្នាក់នៅនៅតាមបណ្តាបណ្ឋាគារលំដាប់ផ្កាយ ដើម្បីទៅស្នាក់ និងដើរកម្សាន្តថ្ងៃបុណ្យចូលឆ្នាំតែប៉ុណ្ណោះទេ។
លោកស្រី ឆាយ សៀវលីន បន្តថា សម្រាប់ភ្ញៀវទេសចរអន្តរជាតិអញ្ជើញមកដើរកម្សាន្តកម្ពុជាតាមកញ្ចប់ទេសចរណ៍ក៏មិនទាន់មានច្រើនខ្លាំងនោះដែរ ដោយសារថ្ងៃបុណ្យចូលឆ្នាំនេះបានធ្វើឡើងចំរដូវភ្ញៀវអន្តរជាតិចេញដើរកម្សាន្តតិច ។ ដោយឡែកភ្ញៀវអន្តរជាតិដែលយើងឃើញដើរកម្សាន្តជាលក្ខណៈបុគ្គល ឬលក្ខណៈគ្រួសារ ភាគច្រើនជាភ្ញៀវមានស្រាប់នៅក្នុងស្រុក និងជាភ្ញៀវមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន មកទស្សនាកម្ពុជា ខណៈកម្ពុជា បើកធ្វើVISA On ARRIVALឡើងវិញ៕ អត្ថបទ ស៊ុម សុខជា