នាយករដ្ឋមន្ត្រីប្រទេសហៃទី លោក Alix Didier Fils-Aime បាននិយាយថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសតំបន់ការ៉ាអ៊ីបមួយនេះ ពុំមានស្ថេរភាពគ្រប់គ្រាន់ដើម្បីធ្វើការបោះឆ្នោតប្រធានាធិបតីដែលគ្រោងធ្វើនៅខែសីហា នោះទេ។

ការអត្ថាធិប្បាយរបស់លោក Fils-Aime កាលពីថ្ងៃចន្ទ ធ្វើឡើងនៅពេលដែលមានការប៉ះទង្គិចគ្នារបស់ក្រុមជនអន្ធពាលជាគូប្រជែង បានកើនឡើងនៅក្នុងរដ្ឋធានី ព័រ អូប្រាំង របស់ប្រទេសហៃទី ដែលបង្ខំឱ្យមន្ទីរពេទ្យជម្លៀសអ្នកជំងឺ ហើយមនុស្សរាប់រយនាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។ ប្រទេសហៃទី មិនបានរៀបចំការបោះឆ្នោតចាប់តាំងពីឆ្នាំ២០១៦ ដោយរដ្ឋាភិបាលជាបន្តបន្ទាប់ បានពន្យារពេលការបោះឆ្នោត ខណៈក្រុមជនអន្ធពាលប្រដាប់អាវុធដ៏មានឥទ្ធិពល បានពង្រឹងការគ្រប់គ្រងរបស់ខ្លួននៅរដ្ឋធានី។ អំពើហិង្សា បានសម្លាប់មនុស្សរាប់ពាន់នាក់ និងបានធ្វើឱ្យមនុស្សជាងមួយលាននាក់ត្រូវភៀសខ្លួន ដែលបានដាក់កម្រិតលើសមត្ថភាពរបស់អាជ្ញាធរក្នុងការធានាបានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ លោក Fils-Aime បាននិយាយក្នុងបទសម្ភាសន៍ថា «វាច្បាស់ណាស់ថា ស្ថានភាពសន្តិសុខមិនត្រូវបានបំពេញនៅក្នុងកម្រិតសម្រាប់យើង ក្នុងការបោះឆ្នោត នៅខែសីហានោះទេ»។ លោកបាននិយាយបន្ថែមថា លោកចង់ឱ្យការបោះឆ្នោតកើតឡើងនៅចុងឆ្នាំនេះ។ ក្រុមប្រឹក្សាបោះឆ្នោតរបស់ប្រទេស បានកំណត់ពេលបោះឆ្នោតជុំទីមួយនៅថ្ងៃទី ៣០ ខែសីហា និងការបោះឆ្នោតជុំទីពីរនៅខែធ្នូ ហើយគណបក្សនយោបាយជាង ២៨០គណបក្ស ត្រូវបានអនុម័តឱ្យចូលរួមប្រកួតប្រជែង។
ប្រធានាធិបតីចុងក្រោយរបស់ប្រទេសហៃទី លោក Jovenel Moise ត្រូវបានគេធ្វើឃាតនៅឆ្នាំ ២០២១ បន្ទាប់ពីលោកបានពន្យារពេលរៀបចំការបោះឆ្នោត។ ឃាតកម្មរបស់លោក បានបន្សល់ទុកនូវភាពខ្វះចន្លោះខាងនយោបាយដែលធ្វើឱ្យក្រុមឧក្រិដ្ឋជនដែលមានឥទ្ធិពលរួចហើយ ពង្រីកឥទ្ធិពលរបស់ខ្លួននៅស្ទើរតែទាំងអស់ក្នុងទីក្រុងព័រ អូប្រាំង។

