ភ្នំពេញ ៖ ប៉ុន្មានថ្ងៃមកនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានការសួរដេញដោលគ្នាជាច្រើន បន្ទាប់ពីមានលេខទូរស័ព្ទក្រៅប្រទេសបានហៅចូលជាបន្តបន្ទាប់ជារបៀប ស៊ីញូ (Missed Call) ។ ចំពោះបញ្ហានេះនាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃធ្លាប់បានផ្សព្វផ្សាយរួចមកហើយពីល្បិចឆបោក ដើម្បីលួចកាត់យកទឹកប្រាក់ក្នុងគណនីទូរស័ព្ទរបស់យើងតាមរូបភាពការហៅទូរស័ព្ទត្រឡប់ទៅវិញ។
ល្បិចនោះ គឺក្រុមបណ្តាញឧក្រិដ្ឋជនដែលមានអង្គការចាត់តាំង បានទិញសេវាលេខទូរស័ព្ទអន្តរជាតិ ពីក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ ឬគេហទំព័រអនឡាញ ដោយរៀបចំបច្ចេកទេសផ្សេងៗ ដើម្បីធ្វើការខលចេញទៅកាន់គោលដៅនានាជុំវិញពិភពលោក (Missed Call) ក្នុងនោះក៏មានកម្ពុជាយើងដែរ ដោយក្រុមឧក្រិដ្ឋជនព្យាយាមខលមកទូរស័ព្ទយើងជារបៀប ស៊ីញូ ដើម្បីឱ្យយើងខលត្រឡប់ទៅគេវិញ ហើយបានសន្ទនាគ្នា ពេលនោះហើយដែលក្រុមឧក្រិដ្ឋនឹងចាប់ផ្ដើមប្រើបច្ចេកទេសបច្ចេកវិទ្យាកាត់យកទឹកប្រាក់ដ៏ច្រើនខុសធម្មតាពីគណនីក្នុងទូរស័ព្ទរបស់យើង។
ល្បិចរបៀបនេះ គេហៅថា "ល្បិចឆបោកប្រាក់ពីគណនីទូរស័ព្ទ Callback ឬ One-Ring Scam" ពីសំណាក់ឧក្រិដ្ឋជនក្រៅប្រទេស ដោយប្រើប្រាស់សេវាដែលមានឈ្មោះថា International Premium Rate Number (IPRN)៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


