អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា រហូតដល់ពេលនេះ នៅមានពលរដ្ឋខ្មែរជាជនភៀសសឹកជាង៣ម៉ឺននាក់ទៀត ដែលភាគច្រើនជាស្រ្តី និងកុមារ មិនទាន់អាចវិលត្រឡប់ទៅភូមិឋានរបស់ពួកគេវិញបានទេ ដោយសារតែមានការរារាំងពីសំណាក់ពួកយោធាថៃ។
តាមរយៈសន្និសីទប្រចាំថ្ងៃ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា មកដល់ពេលនេះ នៅមានជនភៀសសឹកប្រមាណបីម៉ឺនពីរពាន់នាក់ទៀត នៅមិនទាន់ អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងបានវិញនៅឡើយ ដោយជួបហានិភ័យផ្សេងៗ ប៉ុន្តែពួកគេទាំងនោះ ត្រូវបានរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជីវភាពរស់នៅរបស់ពួកគាត់។
ឯកឧត្តម ប៉ែន បូណា ក៏បានគូសបញ្ជាក់ផងដែរថា កម្មវិធីអន្តរាគមន៍ពិសេសសម្រាប់គ្រួសារដែលត្រូវបានជម្លៀសចេញពីភូមិសាស្រ្តជម្លោះព្រំដែន ពលករ និងកម្មករនិយោជិត ដែលរងផលវិបាកពីវិបត្តិ ទាំងនេះ ស្តែងឲ្យឃើញច្បាស់ពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលក្នុងការជំរុញនូវគុណតម្លៃ និងការលើកកម្ពស់នូវឧត្តមប្រយោជន៍របស់គ្រួសារ និងការលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឋានៈតួនាទី និងនិន្នាការនយោបាយ នោះឡើយ៕អត្ថបទ៖ បាន ចក់





