ប្រធានាធិបតីលីបង់ លោក Joseph Aoun និងលោកនាយករដ្ឋមន្ត្រី Nawaf Salam កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យមានសម្ពាធកាន់តែខ្លាំងឡើងលើអ៊ីស្រាអែលឲ្យបញ្ឈប់ប្រតិបត្តិការយោធា និងការរំលោភលើបទឈប់បាញ់។

ក្នុងអំឡុងពេលជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសលីបង់ លោក Michel Issa លោក Aoun បានសង្កត់ធ្ងន់លើតម្រូវការក្នុងការដាក់សម្ពាធលើអ៊ីស្រាអែលឲ្យបញ្ឈប់ការបាញ់ប្រហារ ប្រតិបត្តិការយោធា និងការរុះរើ និងការឈូសឆាយផ្ទះសម្បែងនៅភាគខាងត្បូងលីបង់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញដោយប្រធានាធិបតី។

កិច្ចប្រជុំនេះ ក៏បានលើកឡើងពីការវិវត្តថ្មីៗជុំវិញកិច្ចប្រជុំលីបង់-សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើកទី៣ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន នៅចុងសប្តាហ៍នេះ។
នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយជាមួយលោក Issa លោក Salam បានពិនិត្យឡើងវិញនូវការរៀបចំសម្រាប់ដំណើរទស្សនកិច្ចដែលរំពឹងទុករបស់លោក ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍នេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិលីបង់។
ការវិវត្តទាំងនេះ បានកើតឡើង បន្ទាប់ពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ បានចូលជាធរមានកាលពីខែមុន ក្រោយពីការប្រយុទ្ធគ្នាឆ្លងកាត់ព្រំដែនអស់រយៈពេលជាច្រើនសប្តាហ៍ទាក់ទងនឹងភាពតានតឹងក្នុងតំបន់កាន់តែទូលំទូលាយ ដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់៕