អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានដាក់ពង្រាយនាវាមុជទឹកតូចៗ ដើម្បីធ្វើជា «អ្នកការពារលាក់ខ្លួន» ចំពោះច្រកសមុទ្រ Hormuz ស្របពេលមានការបដិសេធកិច្ចព្រមព្រៀងសន្តិភាពជាបន្តបន្ទាប់ រវាងទីក្រុងតេអេរ៉ង់ និងសហរដ្ឋអាមេរិក។
បើយោងតាមវិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រ បានឲ្យដឹងថា សាធារណរដ្ឋឥស្លាម មាននាវាមុជទឹកតូចៗប្រភេទ Ghadir យ៉ាងហោចណាស់ចំនួន ១៦គ្រឿង។ នាវានីមួយៗ មាននាវិកមិនដល់ ១០នាក់នោះទេ ហើយអាចផ្ទុកមីស៊ីលបាលីស្ទិកបាន ២គ្រាប់ ឬមីស៊ីលតម្រង់គោលដៅប្រឆាំងនាវា C-704 ដែលផលិតដោយប្រទេសចិនចំនួន ២គ្រាប់។

ប៉ុន្តែបើយោងតាមបុគ្គលម្នាក់ដែលដឹងពីបញ្ហានេះ និងដែលបាននិយាយដោយមិនបញ្ចេញឈ្មោះដោយសារតែភាពរសើបនៃបញ្ហានេះ បានប្រាប់ថា នាវាទាំងនោះមានសំឡេងខ្លាំងជាង បើប្រៀបធៀបទៅនឹងនាវាមុជទឹកទំនើបភាគច្រើន។ បុគ្គលនោះ បានឲ្យដឹងទៀតថា បុគ្គលិករបស់នាវាទាំងនោះក៏មានបទពិសោធន៍មិនទាន់គ្រប់គ្រាន់ដែរ ហើយពួកវាត្រូវបានគេដឹងថា មានបញ្ហាថែទាំ។
គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់អ៊ីរ៉ង់ ក្នុងការដាក់ពង្រាយនាវាមុជទឹកខ្នាតតូចនេះ ដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ Fox News ថា លោកកំពុងពិចារណាលើចាប់ផ្ដើមឡើងវិញលើផែនការ ដើម្បីប្រើប្រាស់កម្លាំងយោធាអាមេរិកអមដំណើរនាវា។
ទីក្រុងតេអេរ៉ង់អាចគ្រប់គ្រងលើច្រកសមុទ្រ Hormuz ភាគច្រើន តាមរយៈការប្រើប្រាស់ ឬគ្រាន់តែជាការគំរាមកំហែងប្រើប្រាស់មីស៊ីល និងយានដ្រូនតម្លៃទាប ហើយនាវាមុជទឹកដែលត្រូវបានគេហៅថា នាវាកន្តឿនេះ ទំនងជាបម្រើគោលបំណងស្រដៀងគ្នា៕
