ភ្នំពេញ៖ ក្នុងរយៈពេល ៣ខែដើមឆ្នាំនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានជាង ២ ៤២៨ ប៊ីលានរៀល ស្មើជាង ៥៩៧ លានដុល្លារអាមេរិក ត្រូវជាប្រមាណ ២៣ ភាគរយ នៃផែនការកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញតួរលេខឲ្យដឹង នៅកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំត្រីមាសទី១ ឆ្នាំ២០២២ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ, សម្រាប់ការប្រមូលចំណូល ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួនជាង ២ ៤២៨ ប៊ីលានរៀល ស្មើនឹងជាង ៥៩៧ លានដុល្លារអាមេរិក ត្រូវប្រមាណ ២៣.២% នៃផែនការកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ក្នុងនោះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ លទ្ធផលនៃការចំណូលនេះ បានថយចុះជាង ៦១ ប៊ីលានរៀល ដែលត្រូវជាប្រមាណ ២.៥% ។
ចំណែកចំណូលតាមប្រភេទពន្ធ និងអាករ ដែលគយ និងរដ្ឋាករប្រមូលបានវិញ រួមមាន៖ អាករលើតម្លៃបន្ថែម មានចំនួនជាង ៩៤៣ ប៊ីលានរៀល ត្រូវជិត ៣៩% នៃចំណូលសរុប, អាករពិសេសមានចំនួនជិត ៨៩៥ ប៊ីលានរៀល ត្រូវជិត ៣៧%, ពន្ធគយមានជាង ៤៣៦ ប៊ីលានរៀល ត្រូវ ១៨%, អាករបន្ថែមលើផលិតផលប្រេងជិត១០១ ប៊ីលានរៀល ត្រូវជាង ៤%, និងអាករនាំចេញ និងកម្រៃផ្សេងៗ មានចំនួនជិត ៥៣ ប៊ីលានរៀល ត្រូវជាង ២% នៃចំណូលសរុប។
ដោយឡែកតួលេខទំហំពាណិជ្ជកម្មរបស់កម្ពុជា៖ ក្នុងរយៈពេល ៣ខែនេះដែរ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ មានបម្រែបម្រួលខ្លះៗដូចជា៖ ការនាំចេញផលិតផលកាត់ដេរ មានចំនួន ៣ ១៥៥ លានដុល្លារអាមេរិក កើនឡើងប្រមាណជិត ៦២៧ លានដុល្លារអាមេរិក ស្មើ ២៤.៨%, ការនាំចេញផលិតផលវិនិយោគមិនមែន កាត់ដេរដូចជា៖ កង់ គ្រឿងបំណែកអេឡិចត្រូនិច បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ ផលិតផលពីឈើ ផលិតផលប្លាស្ទិក ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត មានចំនួនជិត ១ ២១៣ លានដុល្លារអាមេរិក កើនឡើងជាង ៣៣៥ លានដុល្លារអាមេរិក ស្មើជាង ៣៨%, ការនាំចេញកសិផលសរុបមានតម្លៃជាង ១ ១២៣ លានដុល្លារអាមេរិក កើនឡើងជាង ១០៧ លានដុល្លារអាមេរិក ៕អត្ថបទ៖ សុន រ៉ាឌី



